(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Rex Tillerson បានស្នើយ៉ាងទទូចដល់បណ្តាប្រទេសអារ៉ាប់ ដែលពាក់ព័ន្ធឲ្យបន្ធូរបន្ថយ ការដាក់សម្ពាធក៏ដូចជាបំរាមរបស់ពួកគេ ប្រឆាំងទៅនឹងប្រទេសកាតា ដែលត្រូវអ្នកជិតខាងរបស់ខ្លួនចោទប្រកាន់ថា បានចូលផ្តល់ការឧបត្ថម្ភដល់ក្រុមភេរវករ និងបានអះអាងថា ទង្វើនេះកំពុងបង្កឲ្យមានផលវិបាកផ្នែកមនុស្សជាតិដោយអចេតនា ហើយប៉ះពាល់ដល់យុទ្ធនាការដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ISIS។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០១៧។
ថ្លែងក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក Tillerson បានលើកឡើងថា «យើងសូមអំពាវនាវដល់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត, ប្រទេសអេមីរ៉ាត់អារ៉ាប់រួម, បារ៉ែន, និងអេហ្ស៊ីប ឲ្យធ្វើការបន្ធូរបន្ថយការដាក់សម្ពាធនិងបំរាមរបស់ពួកគេ ប្រឆាំងទៅនឹងប្រទេសកាតា»។ លោករដ្ឋមន្រ្តីការបរទេសអាមេរិកបានថ្លែងទៀតថា ទង្វើនេះកំពុងបង្កជាការខ្វះខាតស្បៀងអាហារ, ការបែកបាក់ក្រុមគ្រួសារ, និងកុមារតូចៗត្រូវបានបង្ខំឲ្យឈប់រៀន។
លោក Rex Tillerson បានបន្តថា «យើងជឿជាក់ថា ទាំងនេះគឺជាផលវិបាកដែលត្រូវបានបង្កឡើងដោយអចេតនា ជាពិសេសនៅក្នុងអំឡុងខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាឌនថែមទៀត។ ក្តីសង្ឃឹមរបស់យើងគឺថា ប្រទេសអារ៉ាប់ទាំងនេះ នឹងចាត់វិធានការភ្លាមៗ ដើម្បីកាត់បន្ថយភាពតានតឹននៃស្ថានការណ៍ ហើយខិតខំប្រឹងប្រែងដោះស្រាយបញ្ហា ដែលពួកគេមានរវាងគ្នានិងគ្នា»។
គួរបញ្ជាក់ថា យោងតាមលោក Tillerson វិធានការរាំងខ្ទប់របស់បណ្តាប្រទេសអារ៉ាប់ទៅលើកាតា ក៏បានបង្កើតជាបញ្ហាលំបាក ដល់សកម្មភាពយោធាអាមេរិកនៅក្នុងតំបន់ និងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងក្រុម ISIS ផងដែរ ខណៈកងទ័ពអាមេរិក រួមទាំងកងកម្លាំងចម្រុះជាង១១,០០០នាក់ កំពុងឈរជើងនៅក្នុងមូលដ្ឋានទ័ពអាកាស Qdeid ក្នុងប្រទេសកាតា ដែលមានយន្តហោះមិនតិចជាង ១០០គ្រឿងនោះឡើយដំណើរការពីទីនោះ៕