(កាប៊ុល)៖ ដើម្បីសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ចំពោះជនរងគ្រោះអាហ្វហ្គានីស្ថាន ដែលបានបាត់បង់ជីវិត នៅក្នុងការវាយប្រហារដោយក្រុមភេរវករជាបន្តបន្ទាប់គ្នា នាពេលថ្មីៗនេះ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានសម្រេចចេញសេចក្តីប្រកាសដាក់ថ្ងៃសៅរ៍នេះ គឺជាថ្ងៃកាន់ទុក្ខរបស់ជាតិនៅទូទាំផ្ទៃប្រទេស។ នេះបើតាមសេចក្តីថ្លែងការណ៍មួយ របស់វិមានប្រធានាធិបតីអាហ្វហ្គានីស្ថាន ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០១៧។
ជនរងគ្រោះខ្ទង់រយនាក់ ដែលភាគច្រើនសុទ្ធតែពលរដ្ឋស្លូតត្រង់ បានបាត់បង់ជីវិត និងទទួលរងរបួស បន្ទាប់ពីមានការវាយប្រហារឥតស្រាកស្រាន្ត ដោយក្រុមភេរវករនៅរដ្ឋធានីកាប៊ុល, ទីក្រុង Herat ភាគខាងលិច, និងទីក្រុង Khost ភាគកើតប្រទេស។ សម្រាប់ពិធីបួងសួងពិសេសមួយ នឹងត្រូវប្រារព្ធឡើងនៅក្នុងព្រះវិហារនៃវិមានប្រធានាធិបតី និងនៅតាមបណ្តាព្រះវិហារដទៃៗផ្សេងទៀត ទូទាំងប្រទេស ហើយទង់ជាតិក៏នឹងត្រូវបង្ហូតត្រឹមពាក់កណ្តាល នៅតាមលំនៅឋាន និងគ្រប់ស្ថានទូតអាហ្វហ្គានីស្ថានទាំងអស់ ដែលស្ថិតនៅក្រៅប្រទេស។
គួរបញ្ជាក់ថា នៅក្នុងការវាយប្រហារដ៏កក្រើកមួយ នៅក្នុងរដ្ឋធានីកាប៊ុល មនុស្សជាង ១៥០នាក់បានស្លាប់ និងច្រើនជាង ៤០០នាក់ទៀតបានទទួលរងរបួសយ៉ាងដំណំ បន្ទាប់រថយន្តផ្ទុកគ្រាប់បែកមួយគ្រឿង ត្រូវបានគេបំផ្ទុះឡើង នៅក្នុងសង្កាត់មួយ ដែលប្រជុំទៅដោយបេសកកម្មការទូតនៃបណ្តាប្រទេសជាច្រើន នៅចំកណ្តាលទីក្រុងតែម្តង កាលពីថ្ងៃទី៣១ ខែឧសភា កន្លងទៅនេះ ហើយហេតុការណ៍ដ៏អាក្រក់នេះក៏បានបង្កការខូចខាតគិតជាងសាច់ប្រាក់រាប់លានដុល្លារផងដែរ។ បន្តបន្ទាប់ទៀតនោះ គឺការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានបណ្តាលឲ្យមនុស្សជាច្រើននាក់ស្លាប់ និងរបួស៕