(សេអ៊ូល)៖ ការអភិវឌ្ឍដ៏ឆាប់រហ័សនៃគ្រាប់មីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង មិនមែនជារឿងសម្ងាត់ទៀតនោះឡើយ ដោយពិភពលោកបានមើលឃើញយ៉ាងច្បាស់ និងទទួលស្គាល់ផងដែរ (ទទួលស្គាល់ថា ជាការគំរាមកំហែងកាន់តែធ្ងន់ធ្ងរ ដល់សន្តិសុខក្នុងតំបន់) ប៉ុន្តែសម្រាប់សមត្ថភាពផលិតយន្តហោះដ្រូនស៊ើបការណ៍វិញនោះ ទីក្រុងព្យុងយ៉ាងហាក់មិនសូវអួតអាង ឬក៏ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនោះឡើយ ដូចអ្វីដែលបានកើតឡើងនាពេលនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០១៧។
នៅក្នុងសប្តាហ៍នេះ កងទ័ពកូរ៉េខាងត្បូងបានប្រទះឃើញយន្តហោះដ្រូនមួយ ធ្លាក់កល់នឹងគល់ឈើក្នុងព្រៃក្បែរព្រំដែនជាមួយកូរ៉េខាងជើង ដោយគេអាចសន្និដ្ឋានបានភ្លាមៗថា វាជាយន្តហោះស៊ើបការណ៍សម្ងាត់របស់ប្រទេសកូរ៉េខាងជើង។ ដ្រូននេះត្រូវបានប្រទះឃើញនៅក្បែរតំបន់ ដែលមានប្រជាជនកូរ៉េខាងត្បូងរស់នៅស្ថិតនៅក្នុងខេត្ត Gangwon ជាប់ព្រំដែនកូរ៉េខាងជើង ប៉ុន្តែសម្រាប់ព័ត៌មានលម្អិត និងគោលបំណងនៃការបញ្ជូនដ្រូនប្រភេទនេះមកកូរ៉េខាងត្បូង នៅមិនទាន់មានប្រភពដែលអាចបញ្ជាក់ការពិតនៅឡើយទេ។
គួរបញ្ជាក់ថា យោធាកូរ៉េខាងត្បូងហាក់គ្មានមន្ទិលសង្ស័យអ្វីឡើយថា យន្តហោះដ្រូននោះបានហោះមកពីកូរ៉េខាជើង ដោយគេបានយោងទៅលើរូបភាព និងលក្ខណៈសំខាន់ៗមួយចំនួន ដូចដែលទីក្រុងព្យុងយ៉ាងធ្លាប់យកទៅបង្ហាញក្នុងក្បួនព្យុហយាត្រាផងដែរ។ សម្រាប់ដ្រូននេះមានប្រវែង ១.៨ម៉ែត្រ និងទំហំព័ទ្ធជុំវិញ ២.៤ម៉ែត្រ ដោយក្រុមជំនាញត្រូវការពេលយ៉ាងហោចណាស់ ១០ថ្ងៃដើម្បីវិភាគរកទិន្នន័យ៕