(សេអ៊ូល)៖ មិនខ្វាយខ្វល់រឿងទណ្ឌកម្មអ្វីនោះឡើយ ប្រទេសកូរ៉េខាងជើងបានបង្ហាញគោលបំណងធំរបស់ខ្លួនដដែល នោះគឺការធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប ដែលមានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ «ICBM» នៅពេលឆាប់ៗខាងមុខនេះហើយ ដោយសមត្ថភាពរបស់វា ត្រូវបានទីក្រុងព្យុងយ៉ាងអួតជាច្រើនលើកច្រើនសារថា អាចបាញ់ដល់ដែនដីសហរដ្ឋអាមេរិកឯណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមកាសែតរដ្ឋរបស់កូរ៉េខាងជើង Rodong Sinmun បានចេញផ្សាយថា «ការធ្វើតេស្តសព្វាវុធជាយុទ្ធសាស្ត្រកាលពីពេលថ្មីៗនេះវាជាការបង្ហាញថា យើងស្ថិតនៅមិនឆ្ងាយនោះឡើយ អំពីការធ្វើតេស្តបាញ់មីស៊ីលផ្លោងឆ្លងទ្វីប ICBM»។ របបដឹកនាំកូរ៉េខាងជើងត្រូវបានគេមើលឃើញថា មិនបានចាត់ទុកទណ្ឌកម្មពីអន្តរជាតិជាភាពភ័យខ្លាចអ្វីឡើយ ប៉ុន្តែខ្លួននៅតែបង្កើនការអភិវឌ្ឍគ្រាប់មីស៊ីល ស្របទៅតាមការអះអាងរបស់ លោក គីម ជុងអ៊ុន កាលពីថ្ងៃទី០១ ខែមករាថា កូរ៉េខាងជើងកំពុងឈានដល់តំណាក់ចុងក្រោយនៃការអភិវឌ្ឍ បច្ចេកវិទ្យាផលិតគ្រាប់មីស៊ីល ICBM ហើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានអះអាងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលប្រឆាំងនាវាជាច្រើនគ្រាប់ ធ្លាក់ចូលទៅក្នុងដែនសមុទ្រជប៉ុន ហើយមួយថ្ងៃក្រោយមក កូរ៉េខាងជើងបានចេញមុខទទួលស្គាល់រឿងនេះ។ យោងតាមយោធាកូរ៉េខាងត្បូង គ្រាប់មីស៊ីលរបស់កូរ៉េខាងជើង ហោះបានចម្ងាយ ២០០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលក្នុងដែនសមុទ្រជប៉ុន ហើយវាប្រាកដណាស់ថា ការបាញ់សាកល្បងនេះ ជាការឆ្លើយតបនឹងទណ្ឌកម្មដោយយូអិន ដែលមានសម្ព័ន្ធមិត្តអាមេរិកនានា ជាអ្នកដុតដៃដុតជើងសម្រេចឲ្យបាន ដើម្បីកៀកសង្កត់ទីក្រុងព្យុងយ៉ាង៕