(អាមេរិក)៖ តាមការសន្និដ្ឋាន ទំនាក់ទំនងរវាងអាមេរិក និងគុយបា អាចវិលទៅរកភាពតានតឹងឡើងវិញ ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ដោយនៅថ្ងៃសុក្រសប្តាហ៍ក្រោយនេះ ប្រធានាធិបតីអាមេរិក នឹងធ្វើដំណើរទៅទីក្រុង Miami នៃរដ្ឋផ្លូរីដា ដើម្បីប្រកាសអំពីនយោបាយថ្មីរបស់ខ្លួន ទៅលើប្រទេសដីកោះមួយនេះតែម្តង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០១៧។
បើតាមការវិវឌ្ឍស្ថានការណ៍កន្លងមកនេះ លោក ត្រាំ ទំនងជានឹងប្រកាសអំពីនយោបាយថ្មី ដែលនឹងរឹតបន្តឹងលើច្បាប់ស្តីពីពាណិជ្ជកម្ម និងការធ្វើដំណើររវាងអាមេរិក-គុយបា ក្រោយពីអតីតរដ្ឋបាល លោក បារ៉ាក់ អូបាម៉ា បានសម្រេចដកទណ្ឌកម្មជិត ៦ទសវត្សរ៍ចេញពីគុយបា និងបានផ្តើមការអភិវឌ្ឍទំនាក់ទំនងរវាងគ្នាឲ្យប្រសើរឡើងវិញបន្តិចម្តងៗ ចាប់តាំងពីចុងឆ្នាំ២០១៥មក។
ទោះបីជាលោក ដូណាល់ ត្រាំ នឹងធ្វើការប្រកាសអំពីនយោបាយ ចំពោះប្រទេសគុយបានៅថ្ងៃសុក្រសប្តាហ៍ក្រោយនេះ ដើម្បីព្យាយាមធ្វើទៅតាមអ្វីដែលលោកប្តេជ្ញា កាលពីអំឡុងយុទ្ធនាការបោះឆ្នោតក៏ដោយ ក៏ប៉ុន្តែវានឹងមិនមែនជា សេចក្តីសម្រេចចុងក្រោយនោះដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគនានាជឿជាក់ថា លោក ត្រាំ អាចត្រឹមធ្វើការកែប្រែនយោបាយខ្លះៗប៉ុណ្ណោះ ចំពោះនយោបាយចាស់របស់ លោក បារ៉ាក់ អូបាម៉ា ដោយមិនអាចធ្វើការលុបចោលទាំងស្រុងនោះឡើយ។
គួរបញ្ជាក់ថា សមាជិកមួយចំនួននៃគណបក្សសាធារណរដ្ឋ បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះរឿងនេះដោយអះអាងថា ការបន្តឲ្យអនុវត្តន៍គោលនយោបាយរបស់ អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ទៅលើប្រទេសគុយបា នឹងអាចជម្រុញឲ្យប្រទេសនេះ ក្លាយជាដែនដីដែលពឹងផ្អែកទៅលើអំណាចរុស្ស៊ី និងចិនសាជាថ្មី ដូច្នេះរដ្ឋបាលលោក ដូណាល់ ត្រាំ គួរតែគិតគូរ និងទប់ស្កាត់បញ្ហានេះ៕