(ប្រេស៊ីល)៖ ទីបំផុតប្រធានាធិបតីប្រេស៊ីល លោក Michel Temer បានរួចផុតពីគ្រោះអាសន្នមួយគ្រាហើយ ក្រោយពីតុលាការកំពូលប្រេស៊ីល បានសម្រេចដោយសំឡេងចៅក្រមជំទាស់ ៣រូប ទល់នឹងយល់ស្រប ៣រូប ដែលវាមានន័យថា រឿងក្តីនេះត្រូវជាប់គាំងមិនអាចទៅមុខបន្តទៀតបាន ឬក៏អាចមានន័យថា តុលាការមិនទាន់អាចទម្លាក់ លោកTemer ចេញពីតំណែងក្រោមបទចោទប្រកាន់រឿងអំពើពុករលួយនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០១៧។
ការលើកយកបញ្ហាចោទប្រកាន់ លោក Temer ឡើងទៅតុលាការកំពូលនេះ បានកើតមានឡើងបន្ទាប់ពី ភាពតានតឹងនៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងយ៉ាងក្តៅគគុកក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីលេចលឺព័ត៌មានថា តុលាការកំពូលបានផ្តល់ការអនុញ្ញាត ឲ្យមានការស៊ើបអង្កេតទៅលើលោក Michel Temer ជុំវិញការសង្ស័យថា លោកបានប្រព្រឹត្តអំពើពុករលួយ និងការបង្កឧបសគ្គដល់ប្រព័ន្ធយុត្តិធម៌។
បន្ថែមពីនេះកាលពីចុងខែឧសភាកន្លងទៅ មនុស្សប្រមាណ ៣៥,០០០នាក់ បានប្រមូលផ្តុំគ្នានៅរដ្ឋធានី Brasilia ដើម្បីបង្ហាញពីភាពមិនពេញចិត្តរបស់ពួកគេ ចំពោះមេដឹកនាំបច្ចុប្បន្នរបស់ប្រេស៊ីលគឺ លោក Michel Temer ហើយពួកគេបានទាមទារឲ្យ លោក Temer ចុះចេញពីតំណែងជាបន្ទាន់ និងស្នើឲ្យមានការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីនៅមុនពេលកំណត់។
ប្រការនោះបានបង្ខំឲ្យ មន្ត្រីជាច្រើនរូបត្រូវបានជម្លៀសជាបន្ទាន់ ចេញពីអគារក្រសួង និងស្ថាប័នរដ្ឋមួយចំនួន ដោយសារតែហ្វូងបាតុករ ធ្វើការវាយប្រហារ និងដុតបំផ្លាញ ខណៈពួកគេកំពុងចូលរួមយុទ្ធនាការក្តៅ ទាមទារឲ្យសភាទម្លាក់ប្រធានាធិបតី លោក Michel Temer ចេញពីតំណែង។ ជាការឆ្លើយតប លោក Temer បានចេញបញ្ជាឲ្យដាក់ពង្រាយកម្លាំងយោធា ដើម្បីជួយដល់ប៉ូលិសក្នុងការស្តារសណ្តាប់ធ្នាប់ក្នុងប្រទេសជាតិឡើងវិញផងដែរ៕