(ម៉ានីល)៖ យោធាហ្វីលីពីន នៅថ្ងៃសុក្រនេះ បានស្នើឲ្យក្រុមហ៊ុន Facebook បិទគណនីជាច្រើន ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមឧទ្ទាម ដែលបានវាយប្រហារទីក្រុងមួយ នៅភាគខាងត្បូងប្រទេស ដោយបានលើកឡើងថា ពួកគេបានប្រើប្រាស់ Facebook សម្រាប់ការឃោសនា។ នេះបើតាមសារព័ត៌មាន Channel News Asia ចុះផ្សាយនាយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧នេះ។
អ្នកនាំពាក្យយោធា លោក Jo-ar Herrera បានឲ្យដឹងថា អង្គភាពយោធាបានរកឃើញគណនី Facebook ចំនួន៦៣ជាកម្មសិទ្ធិរបស់ក្រុមភេរវករ និងក្រុមអ្នក គាំទ្ររបស់ពួកគេ។ «យោធាបានស្នើឲ្យភ្នាក់ងារក្រុមហ៊ុន Facebook នៅហ្វីលីពីន ចាត់វិធានការចាំបាច់មួយ ដើម្បីបិទគណនីក្លែងបន្លំទាំងនេះ» នេះបើតាមសម្តីលោក Herrera។
ក្រុមឧទ្ទាមរាប់រយនាក់ បានគ្រវីទង់ពណ៌ខ្មៅ របស់ក្រុមឧទ្ទាម ISIS យ៉ាងច្រងេងច្រងាង នៅទីក្រុង Marawi កាលពីថ្ងៃទី២៣ ខែឧសភា និងបានកាន់កាប់ ផ្នែកមួយចំនួននៃទីក្រុងនេះផងដែរ។
លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានលើកឡើងថា ការវាយប្រហារនេះ គឺជាផ្នែកមួយនៃគម្រោងដ៏ធំរបស់ក្រុម ISIS ក្នុងការបង្កើតមូលដ្ឋានមួយ នៅភាគខាងត្បូងកោះ Mindanao ហើយលោកប្រធានាធិបតី បានប្រកាសដាក់ច្បាប់អាជ្ញាសឹកនៅទីនោះ ដើម្បីទប់ស្កាត់ការគម្រាមកំហែង។
កងទ័ពរដ្ឋាភិបាល៤០នាក់ និងក្រុមយោធា១៣៨នាក់ ត្រូវបានគេបញ្ជាក់ថា បានស្លាប់ដោយសារការប្រយុទ្ធគ្នានេះ។ ក្នុងនោះជនស៊ីវិល២០នាក់ ក៏ត្រូវបាន សម្លាប់ផងដែរ ប៉ុន្តែចំនួនពិតប្រាកដទំនងជាមានខ្ពស់ជាង ខណៈក្រុមអាជ្ញាធរ មិនអាចចូលបានគ្រប់តំបន់ នៃទីក្រុង Marawi ដោយសារ១០ភាគរយ នៃទីក្រុងនេះ ត្រូវបានគ្រប់គ្រងដោយក្រុមឧទ្ទាម៕