(តេហេរ៉ង់)៖ ក្រសួងមហាផ្ទៃនៃប្រទេសអ៉ីរ៉ងបានឲ្យដឹងថា អាជ្ញាធរបានធ្វើការចាប់ខ្លួនជនសង្ស័យសរុបចំនួន៤១នាក់ ដែលអាចមានជាប់ពាក់ព័ន្ធនឹងករណីវាយប្រហារដោយអំពើភេរវកម្ម ក្នុងសប្តាហ៍នេះ នៅឯរដ្ឋធានីតេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០១៧។
ក្រសួងខាងលើបានឲ្យដឹងដូច្នេះថា «ជាមួយការខិតខំប្រឹងប្រែងពីសំណាក់កងកម្លាំងសន្តិសុខជាតិ រួមទាំងការសហការពីក្រុមគ្រួសារសាច់ញាតិរបស់ក្រុមជនសង្ស័យ មនុស្សចំនួន៤១នាក់ ដែលអាចមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនាពេលថ្មីៗនេះ ក៏ដូចជាមានចំណងទាក់ទងនឹងក្រុមភេរវករ ISIS ត្រូវបានចាប់ខ្លួននៅតាមបណ្តាខេត្តខុសៗគ្នាទូទាំងផ្ទៃប្រទេស។ ម៉្យាងវិញទៀតឯកសារ និងសព្វាវុធជាច្រើនទៀត ក៏ត្រូវបានរឹបអូសផងដែរ»។
សូមជំរាបថា ក្រុមភេរវករ ISIS បានចេញមុខអះអាងថា ខ្លួនគឺជារៀបចំគម្រោងវាយភេរវកម្មដោយបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែកអត្តឃាតទៅលើសភានិងផ្នូរបុព្វបុរសលោក Ayatollah Khomeini ដែលជាបិតាស្ថាបនិកនៃសាធារណរដ្ឋអ៉ីរ៉ង កាលពីថ្ងៃពុធសប្តាហ៍នេះ ហើយហេតុការណ៍ដ៏អាក្រក់នោះ បានឆក់យកជីវិតមនុស្សសរុប១៧នាក់ និងបានបណ្តាលឲ្យរាប់សិបនាក់ផ្សេងទៀតរបួសធ្ងន់ស្រាល៕