(មីយ៉ាន់ម៉ា)៖ មិត្តភក្តិនិងក្រុមគ្រួសារសាច់ញាតិ ដែលកំពុងមានទុក្ខក្រៀមក្រំជាខ្លាំង បានជួបជុំគ្នានាថ្ងៃសុក្រនេះ នៅឯពិធីបូជាសពមួយ ដែលត្រូវបានបារព្ធឡើង សម្រាប់ជនរងគ្រោះនៅក្នុងករណីធ្លាក់យន្តហោះយោធាមួយគ្រឿង របស់ប្រទេសមីយ៉ាន់ មានផ្ទុកមនុស្សចំនួន១២២នាក់ នៅសមុទ្រ Andaman ភាគខាងត្បូង ស្របពេលដែលប្រតិបត្តិការជួយសង្រ្គោះ និងរុករក បានឈានចូលដល់ថ្ងៃទីបី និងសាកសពសរុបចំនូន៣១នាក់ ត្រូវបានរកឃើញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០១៧។
ពិធីខាងលើត្រូវបានរៀបចំឡើងនៅក្នុងទីក្រុង Dawei ដែលស្ថិតនៅចម្ងាយប្រមាណ៧០គីឡូម៉ែត្រពីទីតាំងដែលយន្តហោះធុន Y-8-200F បាបនធ្លាក់ សម្រាប់សាកសពយ៉ាងហោចណាស់ចំនួន១០នាក់ ដែលត្រូវបានកំណត់អត្តសញ្ញាណរួចរាល់ ក្នុងចំណោមសាកសពជនរងគ្រោះសរុបទាំង៣១នាក់ រួមមានស្រ្តី២១នាក់ កុមារ០៨នាក់ និងបុរស០២នាក់ ដែលនាវាកងទ័ពជើងទឹករួមទាំងទូកនេសាទមីយ៉ាន់ម៉ា បានរកឃើញនិងស្រង់ចេញពីទឹកសមុទ្រ Andaman គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
ដោយឡែក គេពុំទាន់បានដឹងច្បាស់នៅឡើយទេថា មានការប្រទះរកឃើញសាកសពជនរងគ្រោះបន្ថែមទៀតដែរឬក៏អត់នោះ គិតចាប់តាំងតែពីព្រឹករហូតមកទល់ រាត្រីថ្ងៃសុក្រនេះ ខណៈកងនាវាជើងទឹករបស់យោធាមីយ៉ាន់ម៉ាចំនួន០៨គ្រឿង រួមជាមួយទូកនេសាទរបស់ប្រជាជនស៊ីវិល ប្រមាណ២០គ្រឿងទៀត នៅតែកំពុងបន្តធ្វើប្រត្តិបត្តិការតាមស្វែងរកជនរងគ្រោះ ក៏ដូចជាបំណែកយន្តហោះយ៉ាងសកម្មដដែល ទោះបីជាអាកាសធាតុមានភាពលំបាកយ៉ាងណាក្តី។
សូមជំរាបថា យន្តហោះធុន Y-8-200F របស់កងទ័ពជើងអាកាសមីយ៉ាន់ម៉ា កំពុងដឹកអ្នកដំណើរ១០៨នាក់ និងសហសេវិក១៤នាក់ ព្រមទាំងមានផ្ទុកទំនិញផ្សេងៗទម្ងន់២,៤តោនផងដែរ ហើយក្នុងចំណោមអ្នកដំណើរទាំងនោះមានកុមារ១៥នាក់, មនុស្សពេញវ័យជាជនស៊ីវិលចំនួន ៥៨នាក់, កងទ័ព៣៥នាក់ ដែល០៦នាក់ជាមន្ត្រីយោធាជាន់ខ្ពស់ និង ២៩នាក់ជាមន្ត្រីយោធាធម្មតា នៅពេលដែលវាបានដាច់ការទាក់ទងក្នុងអំឡុងពេលហោះចេញពីទីក្រុង Myeik ដើម្បីឆ្ពោះទៅកាន់ទីក្រុង Yangon កាលពីរសៀលថ្ងៃពុធសប្តាហ៍នេះ នៅលើផ្ទៃសមុទ្រ Andaman៕