(កាតា)៖ រដ្ឋមន្ត្រីការបរទេសកាតា ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ិន អាប់ឌុលរ៉ស់ម៉ាន អាល់ ថានី (Mohammed bin Abdulrahman Al Thani) នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ ទីក្រុងម៉ូស្គូប្រទេសរុស្ស៊ីនៅថ្ងៃសៅរ៍ សប្ដាហ៍នេះ ដើម្បីជជែកពិភាក្សាលើបញ្ហានៅក្នុងតំបន់ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទំាងពីរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០១៧។
ដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ អាល់ថានី ធ្វើឡើងគាប់ជួនចំពេលកាតា កំពុងមានជម្លោះការទូតជាមួយ អារ៉ាប៊ីសាអូឌីត, អេមីរ៉ាត់អារ៉ាប់រួម, បារ៉ែន និងអេហ្ស៊ីប ដែលបានសម្រេចចិត្តកាត់ផ្ដាច់ចំណងការទូតជាមួយទីក្រុងដូហាដោយចោទប្រកាន់ថា ទីក្រុងដូហាបានបង្កអស្ថេរភាពនៅក្នុងតំបន់ និងគំាទ្រក្រុមភេរវករ។
ជាមួយគ្នានេះដែរ បើតាមក្រសួងការបរទេសរុស្ស៊ី ទំនាក់ទំនងទ្វេភាគី និងស្ថានភាពបច្ចុប្បន្ននៅមជ្ឈិមបូព៌ា នឹងក្លាយជារបៀបវារៈសម្រាប់ជំនួបនៅថ្ងៃសៅរ៍ស្អែកនេះ រវាងព្រះអង្គម្ចាស់ អាល់ថានី និងសមភាគីរុស្ស៊ី លោក សឺជី ឡាវរ៉ូវ។ ទោះបីជាយ៉ាងនេះក្ដី នៅក្នុងជំនួបនេះព្រះអង្គម្ចាស់ អាល់ថានី ត្រូវបានគេរំពឹងថា នឹងលើកយកសំណុំរឿងសង្រ្គាមការទូតនៅអារ៉ាប់ មកពិភាក្សាជាមួយ លោក សឺជី ឡាវរ៉ូវ ក្នុងគោលបំណងឱ្យរុស្ស៊ីជួយបន្ធូរបន្ថយភាពតានតឹង។
ជុំវិញបញ្ហានេះរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក សឺជី ឡារ៉ូវ បានបង្ហាញពីគោលជំហរនៅកណ្ដាល ដោយបញ្ជាក់ថា ជម្លោះនៅអារ៉ាប់ គឺជាកិច្ចការរបស់បណ្ដាប្រទេសអារ៉ាប់ ហើយរុស្ស៊ីមិនចង់លូកដៃចូលក្នុងកិច្ចការនេះនោះទេ។ ជាងនេះទៅទៀតសូម្បីតែអ្នកជំនាញរុស្ស៊ី លោក Boris Dolgov ក៏យល់ដូចគ្នានេះដែរ ពោលគឺទីក្រុងម៉ូស្គូ មិនត្រូវគាំទ្រភាគីជម្លោះណាមួយជាដាច់ខាត តែរុស្ស៊ីត្រូវតែរក្សាទំនាក់ទំនងជាមួយ តំបន់មជ្ឈិមបូព៌ាទាំងមូល។
មួយវិញទៀត ខណៈទីក្រុងដូហាកំពុងត្រូវគេព្រួតគ្នាចោទថា បានគំាទ្រក្រុមភេរវករ ទីក្រុងម៉ូស្គូមិនគួរខិតជិត ឬចាប់ដៃជាមួយកាតាឡើយ ហើយរឹតតែមិនអាចធ្វើបែបនេះទៅទៀតនោះគឺថា អេហ្ស៊ីបដែលជាសម្ព័ន្ធមិត្ត ដ៏ធំរបស់រុស្ស៊ី ក៏បានកាត់ផ្ដាច់ទំនាក់ទំនងនឹងកាតាផងដែរ ដូច្នេះរុស្ស៊ីគ្មានហេតុផលអ្វីត្រូវចាប់ដៃកាតា ជាន់ជើងអេហ្ស៊ីបឡើយ។
គួរបញ្ជាក់ថា ជម្លោះការទូតនៅអារ៉ាប់ផ្ទុះឡើងតែជាងពីរសប្ដាហ៍ប៉ុណ្ណោះ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត។ ជម្លោះនេះកើតឡើងដំបូងបន្ទាប់ពីគេហទំព័រព័ត៌មានកាតាមួយ បានបង្ហោះការអត្ថាធិប្បាយរបស់ព្រះមហាក្សត្រកាតា ដែលមានទំនោគំាទ្រអ៊ីរ៉ង់ និងក្រុមចលនាភារភាពអ៊ីស្លាមនៅក្នុងប្រទេសអេហ្ស៊ីប។ ប៉ុន្តែរដ្ឋាភិបាលកាតា បានអះអាងថា ព្រះមហាក្សត្ររបស់ខ្លួនមិនបានមានបន្ទូលដូច្នោះទេ ត្បិតគេហទំព័រព័ត៌មាននោះត្រូវបានគេ Hack តែប៉ុណ្ណោះ៕