(ឌូបៃ)៖ បណ្តាប្រទេសមហាអំណាចប្រចាំពិភពអារ៉ាប់ចំនួន០៤ ដែលបានផ្តាច់ចំណងការទូតជាមួយប្រទេសកាតា កាលពីដើមសប្តាហ៍នេះ ជុំវិញការសង្ស័យថា រដ្ឋាភិបាលទីក្រុងដូហា គឺជារដ្ឋគាំទ្រអំពើភេរវកម្មនោះ បានសម្រេចចាត់បុគ្គលរាប់សិបនាក់ និងក្រុមហ៊ុនមួយចំនួន ដែលរងការចោទប្រកាន់ថា មានទំនាក់ទំនងជាមួយកាតា ចូលទៅក្នុងបញ្ជីខ្មៅនៃក្រុមភេរវករ ហើយប្រការនេះគឺជាការដុតរោលបញ្ហាជម្លោះ ដ៏ក្តៅគគុករវាងភាគីទាំងសងខាងបន្ថែមទៀត ដែលកំពុងបង្កការគំរាមកំហែង ដល់សន្តិសុខនៃតំបន់មជ្ឈិមបូព៌ាទាំងមូល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០១៧។
ព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត, ប្រទេសអេមីរ៉ាត់អារ៉ាប់រួម, អេហ្ស៊ីប និងបារ៉ែន នាថ្ងៃសុក្រនេះ បានសម្រេចចាត់ទុកបុគ្គលចំនួន ៥៩រូបថាជាភេរវករ ហើយក្នុងចំណោមនោះក៏រួមមានមេដឹកនាំក្រុមចលនា Musim Brotherhood លោក Yousef al-Qaradawi ផងដែរ។ ម៉្យាងវិញទៀត សេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំង០៤ ក៏បានចាត់ក្រុមហ៊ុនចំនួន១២ ដែលក្នុងនោះមានទាំងមូលនិធិសប្បុរសធម៌ Qatar Charty និង Eid Charity ថែមទៀតផងថា ពួកគេមានជាប់ទាក់ទងនឹងក្រុមភេរវករ។
គួរបញ្ជាក់ថា ប្រទេសរ៉ាប់ទាំងបួនខាងលើ បានប្រកាសផ្តាច់ទំនាក់ទំនងការទូត គ្រប់ទម្រង់ទាំងអស់ជាមួយកាតា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រោមហេតុផលចោទប្រកាន់ថា ទីក្រុងដូហាបានផ្តល់ការគាំទ្រដល់ក្រុមភេរវករអ៊ីស្លាម និងសត្រូវម៉ឺនឆ្នាំរបស់ពួកគេគឺប្រទេសអ៊ីរ៉ង់ ហើយបន្ទាប់មកប្រទេសមួយចំនួនទៀតរួមមាន យ៉េម៉ែន លីប៊ី និងម៉ាល់ឌីវ ក៏បានរួមគ្នាប្រកាសផ្តាច់ចំណងទាក់ទងជាមួយកាតាដូចគ្នា៕