(តេហេរ៉ង់)៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅថ្ងៃសុក្រនេះ បាននិយាយថា ការវាយប្រហារភេវកម្មនៅក្នុងទីក្រុងតេហេរ៉ង់របស់ក្រុម ISIS ដែលបានផ្ដាច់យកអាយុជីវិតមនុស្ស ១៧នាក់ និងរបួស ៥២នាក់ មិនអាចបំផ្លាញអ៊ីរ៉ង់បានឡើយ តែផ្ទុយទៅវិញវាមានតែបង្កើនការស្អប់ខ្ពើមចំពោះសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០១៧។
កាលពីថ្ងៃពុធកន្លងទៅ ក្រុម ISIS បានចេញមុខទទួលខុសត្រូវ លើការវាយប្រហារពីរលើក ដែលមិនធ្លាប់មានពីមុនមកទៅលើសភាអ៊ីរ៉ង់ និងផ្នូររបស់ស្ថាបនិកសាធារណរដ្ឋអ៊ីរ៉ង់លោក Ayatollah Khomeini នៅក្នុងរដ្ឋធានីតេហេរ៉ង់។ ដោយឡែកថ្លែងនៅក្នុងសារចូលរួមរំលែកទុក្ខ ដល់ជនរងគ្រោះ លោក Ali Khamenei បានលើកឡើងយ៉ាងដូច្នេះថា «ការវាយប្រហារនេះ មិនអាចបំផ្លាញប្រជាជាតិរបស់យើង ឬក៏ការប្ដេជ្ញាចិត្តរបស់យើង ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកភេរវករបានឡើយ.... ក៏ប៉ុន្តែវាមានតែធ្វើឱ្យការស្អប់ខ្ពើម សហរដ្ឋអាមេរិក និងអាយ៉ងរបស់ពួកគេនៅក្នុងតំបន់ដូចជាអារ៉ាប៊ីសាអូឌីត កើនឡើងកាន់តែខ្លាំង»។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរអ៊ីរ៉ង់ភេរវករ ០៥នាក់ ក្នុងចំណោមពួកភេរវករ ដែលបានដឹកនាំការវាយប្រហារក្នុងទីក្រុងតេហេរ៉ង់ គឺជាពលរដ្ឋអ៊ីរ៉ង់ ត្រូវបានជ្រើសរើស ដោយពួក ISIS ខណៈកងកម្លំាងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានចោទត្រង់ៗតែម្ដងថា អារ៉ាប៊ីសាអូឌីតជាអ្នកនៅពីក្រោយការវាយប្រហារនេះ តែទីក្រុងរីយ៉ាដក៏បានទាត់ចោល ការចោទប្រកាន់នេះភ្លាមៗផងដែរ៕