(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានធ្វើការបង្អួតបង្ហាញគំរូដ៏អស្ចារ្យបំផុតមួយ នៃយានស្រាវស្រាវ Mars 2020 Rover នៅឯមជ្ឈមណ្ឌលអវកាស Kennedy នៃរដ្ឋផ្លូរីដា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Engadget នៅរសៀលថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០១៧។
បើសិនជាអ្នកយល់ឃើញថា វាមានរូបរាងនិងលក្ខណៈដូចជាត្រូវបានគេយកចេញ ពីក្នុងរឿងប្រភេទ Superheroes ឬមួយក៏វីដេអូហ្គេមជាជាងយានពិតប្រាកដ សម្រាប់ធ្វើការស្រាវជ្រាវរុករកនៅលើភពអង្គារ (Mars) នោះអ្នកពិតជាគិតត្រូវហើយ ព្រោះថា អង្គការ NASA មិនទាន់បានបញ្ចប់ការរួមផ្សំនៃគំនិត សម្រាប់គំរូនៃការរចនាចុងក្រោយ សម្រាប់យាន Mars Rover ថ្មីនេះនៅឡើយទេ។
តាមពិតទៅយានដ៏ធំនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ធ្វើជាគំរូដ៏អស្ចារ្យមួយសម្រាប់ទាក់ទាញទស្សនិកជន សម្រាប់កម្មវិធី Summer of Mars របស់អង្គការ NASA ហើយទីភ្នាក់ងារអវកាសអាមេរិកបានឲ្យដឹងថា ខ្លួនប្រហែលជាអាចនឹងដកស្រង់ផ្នែកមួយចំនួនចេញពីគំរូគំនិតនេះ។ ទោះបីជាយាន Mars 2020 នឹងពុំមានរូបរាងក៏ដូចជាលក្ខណៈ ដូចទៅនឹងយានគំរូនេះបេះបិទទាំងស្រុងក៏ដោយ ក្រុមអ្នកដែលបានបង្កើតវាឡើងនោះ មិនបានសាងសង់ឡើងដោយបិទភ្នែកនោះឡើយ ដោយពួកគេបានកសាងគំរូនេះឡើង ជាមួយការជួយជ្រោមជ្រែង ពីសំណាក់ក្រុមអ្នកជំនាញរបស់អង្គការ NASA។
គួរបញ្ជាក់ថា យានរ៉ូវើ Mars 2020 នឹងត្រូវធ្វើការខួងចូលទៅក្នុងផ្ទៃដីរបស់ភពអង្គារ ដើម្បីស្វែងរកមើលសញ្ញានៃជីវិតកាលពីអតីតកាល និងធ្វើការកំណត់ថា តើការតាំងទីលំនៅនាពេលអនាគតរបស់មនុស្សលោក នៅលើភពក្រហមនេះ អាចទាញយកផលប្រយោជន៍ ក៏ដូចជាប្រើប្រាស់ធនធានរបស់វា រួមមានទឹក និងអុកស៊ីសែនបានដែរ ឬយ៉ាងណា៕