(ប៉េកាំង)៖ ក្រុមអ្នកជំនាញខាងវិស័យការពារចិន នាពេលថ្មីៗនេះបានព្រមានថា ភ្នាក់ងារចារកម្មបរទេស អាចចូលលួចព័ត៌មានយោធាសំខាន់ៗរបស់ប្រទេសចិនបាន តាមរយៈការបង្កប់មេរោគព័ត៌មានវិទ្យា នៅក្នុងកម្មវិធីហ្គេមលើទូរស័ព្ទដៃ បន្ទាប់ពីហ្គេមប្រភេទនេះកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំងសម្បើម នៅក្នុងចំណោមពលទាហានចិន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមសារព័ត៌មានរបស់យោធាចិន PLA Daily ហ្គេមលើទូរស័ព្ទចល័តមានភាពពេញនិយមយ៉ាងខ្លាំង នៅក្នុងចំណោមកងទ័ពភ្លាមៗចាប់តាំងពីពេលដែលយោធាចិន បានសម្រេចដកបំរាមហាមឃាត់របស់ខ្លួន ទៅលើការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទចល័ត នៅតាមមូលដ្ឋានទ័ពចេញវិញ កាលពីខែកក្កដា ឆ្នាំ២០១៥។ ការស្ទាបស្ទង់មតិមួយ ដែលត្រូវបានធ្វើឡើងទៅលើពលទាហានចំនួន ២០០នាក់ ដោយ PLA កាលពីខែឧសភាកន្លងទៅបានបង្ហាញថា ៩៥.៥នៃពលទាហាន ធ្លាប់បានលេងហ្គេមទូរស័ព្ទកាលពីមុនមក និង ៨៦ភាគរយគឺជាអ្នកលេងហ្គេមជាទូទៅតែម្តង។
ក្រុមអ្នកជំនាញមកពី សាកលវិទ្យាល័យការពារជាតិរបស់កងទ័ពចិនបានថ្លែងថា ក្នុងនាមជាសមាជិកនៅក្នុងសង្គម កងទ័ពគួរតែអាចប្រើប្រាស់អ៊ីនធឺណែត និងលេងហ្គេមលើទូរស័ព្ទដៃរបស់ពួកគេ បានដូចគេដូចឯងដែរ ក៏ប៉ុន្តែពួកគេគួរតែបន្តរក្សាការប្រុងប្រយ័ត្នជាប់ជានិច្ច នៅរាល់ពេលដែលពួកគេលេងហ្គេមទាំងនោះ។ ក្រុមអ្នកជំនាញទាំងនោះបានលើកឡើងថា «ហ្គេមទូរស័ព្ទគួរតែត្រូវហាមឃាត់ នៅតាមតំបន់យោធាពិសេសៗ និងក្នុងអំឡុងកិច្ចប្រជុំសំខាន់ៗ ដោយសារតែភ្នាក់ងារចារកិច្ចបរទេស ប្រហែលជាអាចតាមដានសកម្ម របស់ពលទាហានទាំងឡាយណា ដែលចូលចិត្តលេងហ្គេមច្រើន ឬមួយក៏ចូលលួចព័ត៌មានយោធាសំខាន់ៗ តាមរយៈការបង្កប់មេរោគព័ត៌មានវិទ្យានៅក្នុងហ្គេមល្បីៗលើទូរស័ព្ទដៃ»។
យ៉ាងណាមិញ ក្រុមអ្នកជំនាញដដែលបានបញ្ជាក់ថា យោធាចិនគួរតែផ្តល់ការណែនាំ ប្រកបដោយហេតុផលសមរម្យដល់កងទ័ព ក្នុងការលេងហ្គេមកម្សាន្តលើទូរស័ព្ទដៃរបស់ពួកគេ ជាជាងធ្វើហាមឃាត់ទាំងស្រុងលើពួកវា៕