(តួកគី)៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយនៅក្នុងសុន្ទរកថាជាសាធារណៈកាលពីថ្ងៃពុធថា ប្រសិនបើអ្នកណាម្នាក់ដែលមានទំនាក់ទំនងជាមួយចលនា Gulen នៅក្នុងប្រទេសតួកគីត្រូវបានដោះលែងពីពន្ធនាគារ នោះសាធារណៈជនតួកគីនឹង «ដាក់ទោសពួកគេនៅតាមផ្លូវតែម្តង»។
គួរបញ្ជាក់ថា លោក Erdogan បានតាមដានលើករណីនោះជាប្រចាំថ្ងៃ និងនិយាយថា នៅក្នុងសុន្ទរកថារបស់លោកថា «ប្រសិនបើរពួកគេ (អ្នកដែលតាមលោក Gulen) ត្រូវបានដោះលែង បន្ទាប់ពីពួកគេរួចពីពន្ធនាគាររបស់ពួកគេ នៅពេលដែលឃើញពួកគេនៅលើផ្លូវ នោះប្រជាជនរបស់យើង នឹងដាក់ទោសពួកគេ។ ប្រជាជននឹងស្ដោះទឹកមាត់ដាក់មុខរបស់ជនទាំងនោះ ហើយពួកគេ (អ្នកដែលតាមលោក Gulen) នឹងលង់ទឹកមាត់ប្រជាជនរបស់យើង»។ នេះបើតាមប្រភពព័ត៌មាន Turkish Times ត្រូវបានដកស្រង់នៅរសៀលថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០១៧។
ប្រទេសតួកគីដែលបានរួចរស់ជីវិត បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធាមួយ នៅថ្ងៃទី១៥ ខែកក្កដា ដែលបានសម្លាប់មនុស្សជាង ២៤០នាក់ និងរងរបួសជាងមួយពាន់អ្នកផ្សេងទៀត។ ភ្លាមៗបន្ទាប់ពីការរើបំរាស់នេះ (AKP) រដ្ឋាភិបាលរបស់គណបក្សយុត្តិធម៌ និងការអភិវឌ្ឍន៍ រួមជាមួយប្រធានាធិបតីលោក Erdogan បានធ្វើការស្តីបន្ទោស ទៅលើក្រុម Gulen។ ក្រុមនេះបានបដិសេធយ៉ាងខ្លាំង ចំពោះការចូលរួមណាមួយក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារនោះ។
យោងតាមរបាយការណ៍ទីភ្នាក់ងារ Anadolu របស់រដ្ឋ នៅថ្ងៃទី ២៨ ខែឧសភា ដែលមានមនុស្សចំនួនជាង ១៥៤,៦៩៤នាក់ ដែលត្រូវគេឃុំខ្លួនហើយចំនួន ៥០,១៣៦នាក់ផ្សេងទៀត ដែលត្រូវបានគេចាប់ដាក់គុក ដោយសារការចោទប្រកាន់ថា មានទំនាក់ទំនងជាមួយចលនា Gulen តាំងពីការប៉ុនប៉ងធ្វើរដ្ឋប្រហារបានបរាជ័យនោះ។
«បច្ចុប្បន្ននេះមានអ្នកទោសចំនួន ២២១.៦០៧នាក់ នៅក្នុងពន្ធនាគារ ប៉ុន្តែចំណុះរបស់ពន្ធនាគារគឺ មានត្រឹមតែចំនួន ២០៣,០០០នាក់ ដែលធ្វើឱ្យមានលើសចំនួនរហូតដល់ ០៩ភាគរយ។» នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌តួកគី លោក Bekir Bozdag ហើយលោកបានបន្ថែមទៀតថា អ្នកទោសមួយចំនួន ឈនដល់ថ្នាក់ដាក់វេនគ្នាដេកថែមទៀត៕