(មីយ៉ាន់ម៉ា)៖ យន្តហោះយោធាមីយ៉ាន់ម៉ា ដែលមានផ្ទុកមនុស្សចំនួន១២២នាក់ ត្រូវបានគេរកឃើញ បន្ទាប់ពីធ្លាក់ក្នុងសមុទ្រ Andaman ដែលមកទល់នឹងរសៀលថ្ងៃសុក្រនេះ សាកសពជនរងគ្រោះសរុបចំនួន ៣៩នាក់ហើយ ត្រូវបានស្រង់ចេញពីទឹកសមុទ្រ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលត្រូវបានដកស្រង់នៅរសៀលថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ។ ខាងក្រោមនេះជាព័ត៌មានលម្អិត ពាក់ព័ន្ធនឹងហេតុការណ៍ធ្លាក់យន្តហោះខាងលើ៖
* ទីតាំងចេញដំណើរ គោលដៅ និងពេលវេលា៖
យន្តហោះយោធាមីយ៉ាន់ម៉ានេះ បានធ្វើដំណើរចេញពីទីក្រុងជាប់ឆ្នេរសមុទ្រ Myeik នៅវេលាម៉ោង ១៣៖០៦នាទី (ម៉ោងក្នុងតំបន់) ដោយមានគោលដៅឆ្ពោះទៅកាន់រដ្ឋធានី Yangon ជាទីក្រុងមានប្រជាជនរស់នៅច្រើនជាងគេ ប្រចំាប្រទេសមីយ៉ាន់ម៉ា ។ នៅវេលាម៉ោង ១៣៖៣៥នាទី យន្តហោះបានដាច់ការទាក់ទង ស្របពេលដែលវាធ្វើដំណើរបានចម្ងាយ ៣៧គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Dawei។
យន្តហោះបានហោះលើកម្ពស់ ៥,៥០០ម៉ែត្រពីនីវ៉ូទឹកសមុទ្ររួចក៏បាត់ការទាក់ទង។ នេះបើយោងតាមការលើកឡើង របស់មន្ត្រីមិនបញ្ជាក់អត្តសញ្ញាណម្នាក់ ដែលបានបន្តថា មិនទទួលបានទូរស័ព្ទសុំជំនួយពីយន្តហោះរងគ្រោះឡើយ មុននឹងហេតុការណ៍នេះបានកើតឡើង។
* ជនរងគ្រោះ៖
យន្តហោះនេះមានផ្ទុកមនុស្សសរុប ១២២នាក់ ក្នុងនោះ១០៨នាក់ជាអ្នកដំណើរ និង ១៤នាក់ជាបុគ្គលិក ព្រមទាំងមានផ្ទុកទំនិញទម្ងន់ ២,៤តោនផងដែរ។ ក្នុងចំណោមអ្នកដំណើរទាំងនោះមានកុមារ ១៥នាក់, មនុស្សពេញវ័យជាជនស៊ីវិលចំនួន ៥៨នាក់, កម្លាំងយោធា ៣៥នាក់ ដោយក្នុងនោះជាមន្ត្រីយោធាជាន់ខ្ពស់ ០៦នាក់ និងមន្ត្រីយោធាធម្មតា ២៩នាក់។ អ្នកបើកបរយន្តហោះមានឈ្មោះថា Nyein Chan ចំណែកសហសេវិក គឺលោក Soe Thu Win និងលោក Maj Thant Zin Htay។ នេះបើយោងតាមការលើកឡើងរបស់ លោកកាពីទែន Myat Min Oo ចំណែកអ្នកបើកបរយន្តហោះ មានបទពិសោធន៍បើកបរចំនួន ៣,០០០ម៉ោង។ បច្ចុប្បន្នមានសាកសពកុមារជិត ១០នាក់ ក្នុងចំណោមសាកសពត្រូវបានរកឃើញទាំង ២៩នាក់ ដោយនាវាទ័ពជើងទឹក និងស៊ីវិល។
* យន្តហោះដែលធ្លាក់៖
យន្តហោះខាងលើនេះ ជាប្រភេទយន្តហោះទ័ពអាកាសរបស់ប្រទេសមីយ៉ាន់ម៉ា ដែលផលិតនៅប្រទេស ចិនមានឈ្មោះថា Shaanxi Y-8F-200 និងមានលេខកូដគឺ ៥៨២០។ វាត្រូវបានទិញកាលពីខែមីនា ឆ្នាំ២០១៦ កន្លងទៅពីប្រទេសចិន ហើយបានហោះហើរបានក្នុងរយៈពេលសរុបចំនួន ៨០៦ម៉ោង។
* មូលហេតុនៃការធ្លាក់៖
យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា អាកាសធាតុមិនមានអ្វីគួរឲ្យបារម្ភ និងមិនមែនជាហេតុផល ដែលនាំឱ្យមានហេតុការណ៍ធ្លាក់យន្តហោះនេះឡើយ។ លោក Kya Kya Htay បានលើកឡើងថា អាកាសធាតុមានលក្ខណៈល្អធម្មតាគ្មានអ្វីគួរបារម្ភឡើយ នៅពេលដែលយន្តហោះនេះចេញដំណើរ។ រហូតមកទល់ពេលនេះ មិនទាន់មានប្រភពណាមួយអាចបញ្ចាក់អំពីមូលហេតុ នាំឱ្យយន្តហោះធ្លាក់បាននៅឡើយទេ។
* ប្រតិបត្តិការស្រាវជ្រាវ៖
នាវារបស់ទ័ពជើងទឹកល្បាតចំនួន០៦គ្រឿង យន្តហោះ និងឧទ្ធម្ភាគចក្រចំនួនបីគ្រឿង ព្រមទាំងនាវានេសាទនៅថ្ងៃព្រហស្បតិ៍នេះ បានចូលរួមក្នុងប្រតិបត្តិការស្រាវជ្រាវនេះ ហើយរហូតមកទល់ពេលនេះ ក្នុងប្រតិបត្តិការស្រាវជ្រាវបានរកឃើញថា សាកសព និងអាវពោងសុវត្ថិភាព រួមជាមួយនឹងកាបូបដាក់ឥវ៉ាន់មួយចំនួន ត្រូវបានគេរកឃើញនៅវេលាម៉ោង ៨៖១៨នាទី (ម៉ោងក្នុងតំបន់) ព្រឹកថ្ងៃព្រហស្បតិ៍ ក្នុងចម្ងាយប្រមាណ ១៧គីឡូម៉ែត្រ ពីភាគខាងលិចនៃរដ្ឋ Rakhine៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា