(អាមេរិក)៖ ក្រុមហ៊ុនផលិតយន្តហោះធំបំផុតនៅលើពិភពលោក Boeing បានប្រកាសនាពេលថ្មីៗនេះថា ខ្លួននឹងចាប់ផ្តើមការធ្វើតេស្តហោះហើរតំណាក់កាលដំបូង នូវយន្តហោះដឹកអ្នកដំណើរគ្មានអាកាសយានិកបញ្ជា នៅឆ្នាំ២០១៨ខាងមុខនេះ បើទោះបីជាក្រុមហ៊ុនជាគូប្រជែង និងសាធារណៈមតិមួយចំនួន បានសម្តែងក្តីមន្ទិលនៅឡើយ ពីប្រព័ន្ធសុវត្ថិភាពរបស់វាក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នាព្រឹកថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០១៧។
លោក Mike Sinnett នាយករងនៃផ្នែកអភិវឌ្ឍន៍ផលិតផលរបស់ Boeing បានថ្លែងនៅក្នុងឱកាសដាក់តាំងបង្ហាញផលិតផល ក្នុងទីក្រុងប៉ារីសប្រទេសបារាំងនាដើមខែនេះថា «ការផលិតបច្ចេកវិទ្យាគន្លឹះសំខាន់ៗ នៅពេលនេះ វាបានសម្រេចលទ្ធផលយ៉ាងច្បាស់លាស់ហើយ។ ការហោះហើរសាកល្បង នឹងត្រូវធ្វើឡើងនៅឆ្នាំក្រោយនេះ ជាមួយឧបករណ៍អេឡិចត្រូនិក ដែលអាចបញ្ជាការហោះហើរ ដូចជាមានអាកាសយានិកនៅលើយន្តហោះនោះផ្ទាល់តែម្តង»។
គួរបញ្ជាក់ថា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនអាកាយានិកបញ្ជាការនៅលើបន្ទប់បើកបររបស់យន្តហោះ បានធ្លាក់ចុះពីចំនួនបីរូបមកនៅពីររូបវិញ ហើយសម្រាប់ប្រព័ន្ធកុំព្យូទ័រនឹងត្រូវប្រើប្រាស់ ដើម្បីបញ្ជាការចុះចត និងហោះឡើង ដោយមិនចាំបាច់មានមនុស្សបញ្ជាដោយផ្ទាល់ទៀតឡើយ។ ទោះបីជាបែបនេះក្តី យោងតាមបណ្តាញសុវត្ថិភាពអាកាសចរណ៍ស៊ីវិល Boeing នៅតែត្រូវការធ្វើឲ្យផលិតផលរបស់ខ្លួនទទួលស្គាល់ពីអន្តរជាតិ ដោយសមស្របទៅតាមកម្រិតស្តង់ដារដឹកជញ្ជូនផ្លូវអាកាស។
ទោះបីជាយ៉ាងណាក៏ដោយលោក Sinnett នៅតែបង្ហាញសុទិដ្ឋិនិយមខ្ពស់ដដែល ប៉ុន្តែក្រុមហ៊ុនអាមេរិកមួយនេះ ក៏ត្រូវការផងដែរនូវការអភិវឌ្ឍបន្ថែមទៀត ដើម្បីសម្រេចគោលដៅនៃយន្តហោះគ្មានមនុស្សបញ្ជាផ្ទាល់។ សម្រាប់យន្តហោះជំនាន់ថ្មីនេះ ត្រូវតែអាចធ្វើការចុះចតក្នុងករណីជួបគ្រោះអាសន្នបាន បើមិនដូច្នោះទេ គោលដៅទាំងឡាយនឹងមិនអាចសម្រេចបានឡើយ៕