(ព្យុងយ៉ាង)៖ កូរ៉េខាងជើង​បានចេញមុខថ្កោលទោស​យ៉ាងខ្លាំង​ ចំពោះការវាយប្រហារ​ភេរវកម្មចំនួនពីរលើក ផ្ទួនគ្នានៅក្នុងរដ្ឋធានី​តេហេរ៉ង់ កាលពីព្រឹក​ថ្ងៃពុធដែល បណ្ដាលឱ្យមនុស្ស ១៧នាក់ស្លាប់ និង​៥២នាក់​ផ្សេងទៀត​រងរបួស ហើយក្រុមភេរវករ ISIS បានអះអាងថា ជាអ្នកនៅពីក្រោយរឿងនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០១៧។

នៅក្នុងលិខិតចូលរួម​រំលែកទុក្ខ ប្រធានសភា​កំពូលកូរ៉េខាងជើង លោក Kim Yong Nam បានសម្ដែងការ​ចូលរួមរំលែកទុក្ខយ៉ាង​ជ្រាលជ្រៅ ដល់ក្រុមគ្រួសារសាច់​ញាតិ​ជនរងគ្រោះ ព្រមទាំងបង្ហាញពី​សាមគ្គីភាពជាមួយ​រដ្ឋាភិបាលអ៊ីរ៉ង់ និងប្រជាជនអ៊ីរ៉ង់​ទំាងមូល។ «កូរ៉េខាងជើង​ថ្កោលទោសយ៉ាងខ្លាំង​ ចំពោះការ​វាយប្រហារក្នុង​ទីក្រុងតេហេរ៉ង់... ហើយសាររំលែកទុក្ខ​នេះ​ នឹងជួយពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ ក្នុងការប្រយុទ្ធ​ប្រឆាំងនឹង សកម្មភាពភេរវកម្ម​គ្រប់ទម្រង់»។ នេះបើតាម​សាររំលែកទុក្ខ ចេញផ្សាយ​ដោយសារព័ត៌មាន​កូរ៉េខាងជើង KCNA។

គួរបញ្ជាក់ថា ក្រុម​ ISIS បានចេញមុខទទួល​ខុសត្រូវ​លើ​ ការវាយប្រហារ​ទំាងពីរលើកនេះ ដែលមិនធ្លាប់​មានពី​មុនមក​​ទៅលើសភាអ៊ីរ៉ង់ និងផ្នូររបស់​ស្ថាបនិក​សាធារណរដ្ឋ​អ៊ីរ៉ង់ លោក Ayatollah Khomeini នៅ​ក្នុងរដ្ឋធានី​តេហេរ៉ង់។ ក៏ប៉ុន្តែ​កងកម្លាំងឆ្មាំ​ការពារជាតិអ៊ីរ៉ង់​បែរជាចោទថា​ អារ៉ាប៊ីសាអូឌីត ​ជាអ្នកនៅពីក្រោយ​ការវាយប្រហារភេរវកម្មនេះទៅវិញ ខណៈទីក្រុងរីយ៉ាដបានទាត់ចោលការ​ចោទប្រកាន់នេះ មិនតែប៉ុណ្ណោះ​ទីក្រុងតេហេរ៉ង់ ក៏បានទាត់ចោល​ការចូលរួមរំលែកទុក្ខ របស់ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ ផងដែរ៕