(សេអ៊ូល)៖ កូរ៉េខាងជើង​បានទទួលស្គាល់​ហើយថា ខ្លួនពិតជាបានបាញ់សាកល្បង​មីស៊ីលប្រឆាំងនាវា​ប្រភេទថ្មី ក្រោមការបញ្ជាដោយផ្ទាល់ពីមេដឹកនាំរបស់ខ្លួនគឺ លោក គីម ជុងអ៊ុន ខណៈទីក្រុងព្យុងយ៉ាង កំពុងព្យាយាមសម្រេចឱ្យបានវត្ថុបំណង ផលិតមីស៊ីលផ្លោងឆ្លងទ្វីប ICBM បំពាក់ក្បាលគ្រាប់​នុយក្លេអ៊ែរ​ អាចបាញ់ដល់​សហរដ្ឋអាមេរិក។ នេះបើតាមសារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០១៧។

យោងតាម KCNA មីស៊ីល​ដែលកូរ៉េខាងជើងបានធ្វើតេស្ដ​កាលពីថ្ងៃព្រហស្បតិ៍ គឺជាប្រភេទ​មីស៊ីលត្រូវបាន​ដាក់តាំងបង្ហាញ​ នៅអំឡុង​ព្យុហយាត្រាយោធា​កាលពីថ្ងៃទី១៥ ខែមេសា ដើម្បីរំលឹក​ខួបទី១០៥ នៃអតីតស្ថាបនិក​កូរ៉េខាងជើង លោក គីម អ៊ីលស៊ុង។ មីស៊ីល​ប្រភេទថ្មីនេះ ត្រូវបានបាញ់​ចេញពី​តំបន់ Wonsan នៃខេត្ត Kangwon តម្រង់ទៅកាន់​តំបន់សមុទ្រ​ខាងកើត ហើយមីស៊ីលនេះ​អាចរត់បានចំងាយ ២០០គីឡូម៉ែត្រ មុននឹងធ្លាក់​ក្នុងសមុទ្រជប៉ុន ឬ​សមុទ្រខាងកើត។

គួរបញ្ជាក់ថា នេះគឺជាលើកទី០៥ហើយ ដែលកូរ៉េខាងជើង​ធ្វើតេស្ដមីស៊ីល គិតចាប់តាំងពី​ប្រធានាធិបតី​កូរ៉េខាងត្បូងថ្មី លោក មូន ជេអ៊ីន ឡើងកាន់​តំណែងមក។ ម្យ៉ាងវិញទៀត ការធ្វើតេស្ដមីស៊ីលនេះ​ទៀតសោត ធ្វើឡើងតែជាងមួយ​សប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់ពីក្រុមប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិអនុម័តលើទណ្ឌកម្ម ប្រឆាំងនឹងកូរ៉េខាងជើង សម្រាប់ការបាញ់មីស៊ីលផ្លោង​ ជាបន្តបន្ទាប់​នាពេលថ្មីៗនេះ៕