(ឡុងដ៍)៖ គណបក្សអភិរក្សនិយមរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតសភាមុនអាណត្តិកាលពីថ្ងៃព្រហស្បតិ៍ ក៏ប៉ុន្តែបានបាត់បង់សំឡេងភាគច្រើនដាច់ខាតរបស់ខ្លួន ដែលត្រូវការជាចាំបាច់ ៣២៦អសនៈ។ នេះបើតាមលទ្ធផលបឋមដកស្រង់ដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមលទ្ធផល គណបក្សអភិរក្សនិយមបានទទួលសំឡេងគាំទ្រ ៣២២អសនៈ តែបើធៀបទៅនឹងឆ្នាំ២០១៥ គណបក្សនេះទទួលបានសំឡេងគំាទ្រ ៣៣០អសនៈ ពោលគឺបានបាត់បង់សំឡេងភាគច្រើនដាច់ខាត ច្រើនជាង ១២សំឡេងឯណោះ។ ប៉ុន្តែទន្ទឹមគ្នា លោកស្រីនាយករដ្ឋមន្ត្រី Therasa May ដែលត្រូវការអាណត្តិបន្តតំណែង ដើម្បីស្វែងរកកិច្ចចរចាឱ្យទីក្រុងឡុងដ៍ លែងលះឱ្យដាច់ស្រេចជាមួយសហភាពអឺរ៉ុប (Brexit) ក៏ទំនងជាបាត់បង់សំឡេងគាំទ្រភាគច្រើនដាច់ខាតផងដែរ ខណៈគណបក្សពលកររបស់លោក Jeremy Corbyn បានទទួលសំឡេងគាំទ្រ ២៦១អសនៈ ឬកើនឡើង ២៧អសនៈ ក្នុងចំណោមអសនៈសរុប ៦៥០។
គួរបញ្ជាក់ថា ប្រជាជនអង់គ្លេស ៤៦.៩លាននាក់ បានចុះឈ្មោះបោះឆ្នោតបើធៀបទៅនឹងកាលពីឆ្នាំ២០១៥ ប្រជាជន ៤៦.៤លាននាក់ បានចុះឈ្មោះបោះឆ្នោត ហើយការបោះឆ្នោតនេះទៀតសោត ពិតជាមានសារៈសំខាន់ណាស់សម្រាប់ឱ្យអង់គ្លេស ត្រូវរៀបចំខ្លួនលែងលះឱ្យដាច់ស្រេចជាមួយសហភាពអឺរ៉ុប ( Brexit) និង ពង្រឹងសន្តិសុខបន្ទាប់ពីមានការវាយប្រហារភេរវកម្ម ចំនួនបីលើកក្នុងរយៈពេលបីខែមកនេះ៕