(វ៉ាស៊ីនតោន)៖ បន្ទាប់ពីត្រូវបានបញ្ឈប់ពីតំណែងកាលពីខែឧសភា កន្លងទៅអតីតនាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិកលោក James Comey នៅទីបំផុត បានចូលផ្តល់សក្ខីកម្មនៅចំពោះមុខ គណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភា ពាក់ព័ន្ធកិច្ចសន្ទនារវាងលោក និងប្រធានាធិបតីលោក ដូណាល់ ត្រាំ ជុំវិញការស៊ើបអង្កេតរបស់ FBI ទៅលើអតីតទីប្រឹក្សាសន្តិសុខជាតិលោក Michael Flynn ដែលត្រូវបានគេសង្ស័យថា និងចោទប្រកាន់ថា លួចធ្វើទំនាក់ទំនងជាមួយរដ្ឋាភិបាលរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែឧសភាលោក ដូណាល់ ត្រាំ បានសម្រេចចិត្តបណ្ដេញលោក James Comey ចេញពីតំណែងជានាយក FBI ដែលកំពុងដឹកនាំការស៊ើបអង្កេតជុំវិញទំនាក់ទំនងរវាងក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោក ត្រាំ និងទីក្រុងម៉ូស្គូ ដោយសំអាងលើហេតុផលថាលោក Comey គ្មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីដឹកនាំទីភ្នាក់ងារ FBI។ ក៏ប៉ុន្តែក្រោយការលេចលឺព័ត៌មានថា លោក ត្រាំ បានស្នើឲ្យលោក Comey បិទបញ្ចប់ការស៊ើបអង្កេតនេះ បានធ្វើឲ្យគេយល់ថា វាអាចជាមូលហេតុមួយដែលលោក ត្រាំ សម្រេចបញ្ចប់តួនាទីលោក Comey។
យ៉ាងណាមិញ លោក ត្រាំ មិនបានប្រើប្រាស់សិទ្ធិអំណាចជាប្រធានាធិបតី រារាំងមិនឲ្យអតីតនាយក FBI រូបនេះផ្ដល់សក្ខីកម្ម នៅចំពោះមុខព្រឹទ្ធសភាអាមេរិកនោះទេ តែផ្ទុយទៅវិញកាលពីថ្ងៃពុធ លោក ត្រាំ បានប្រកាសថានឹងធ្វើការតែងតាំងអតីតអគ្គរដ្ឋអាជ្ញារងអាមេរិក លោក Christopher Wray អាយុ៥០ឆ្នាំ ជានាយក FBI ថ្មីជំនួសលោក Comey៕