(រ៉ង់ហ្គូន)៖ ក្រុមជួយសង្រ្គោះមកទល់នេះ បានរកឃើញនិងស្រង់សាកសពសរុបជនរងគ្រោះសរុបចំនួន២៩នាក់ហើយចេញពី ផ្ទៃ​សមុទ្រ​ភាគ​ខាង​ត្បូង​​នៃ​ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីយន្តហោះយោធាមួយគ្រឿង ដែលមានផ្ទុកមនុស្សចំនួន១២២នាក់ បានបាត់ដំណឹង​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ ហើយក្នុងចំណោមសាកសពទាំង២៩នាក់ រួមមានបុរសម្នាក់ ស្រ្តីចំនួន២០នាក់ និងកុមារ០៨នាក់​។ នេះ​បើ​តាម​ការ​​ឲ្យ​ដឹងពីកងទ័ពមីយ៉ាន់ម៉ា ដកស្រង់ដោយ​ទីភ្នាក់​ងារ​ព័ត៌​មាន Reuters នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៧។

សូមរំលឹកថា យន្តហោះប្រភេទដឹកជញ្ជូនធុន Y-8-200F ដែលផលិតឡើងដោយប្រទេសចិនមួយគ្រឿង បានដាច់ការទាក់ទង ក្នុងអំឡុង​ពេលហោះហើរនៅរយៈកម្ពស់ជិត៥,៥០០ម៉ែត្រ នៅលើផ្ទៃសមុទ្រ Andaman ភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា ស្ថិតនៅចម្ងាយប្រហែល​ជា៧០គីឡូម៉ែត្រភាគខាងលិចក្រុង Dawei បន្ទាប់ពីធ្វើហោះចាកចេញពីទីក្រុង Myeik បានប្រមាណ២៩នាទី និងកំពុងឆ្ពោះទៅកាន់​ទីក្រុងរ៉ង់ហ្គូន។ ដោយឡែកក្នុងចំណោមមនុស្សទាំង១២២នាក់នៅលើយន្តហោះ មាន១៤នាក់ជាក្រុមសហសេវិក និង១០៨អ្នកទៀត​រួមមានពលទាហាន និងសមាជិកក្រុមគ្រួសាររបស់ពួកគេ ដោយ១០៨នាក់នោះមានកុមារ១៥នាក់ មនុស្សពេញវ័យជាជនស៊ីវិល៥៨នាក់ និង​យោ​ធិន​៣៥​នាក់​៕