(រ៉ង់ហ្គូន)៖ ហេតុការណ៍ដ៏រន្ធត់សម្រាប់ប្រជាជាតិមីយ៉ាន់ម៉ា នោះគឺការធ្លាក់យន្តហោះយោធា ដែលផ្ទុក​មនុស្ស​សរុបចំនួន ១២២នាក់ (ក្នុងនោះ ១០៨នាក់ជាយោធា) កាលពីរសៀលថ្ងៃពុធម្សិលមិញ ហើយរហូតមកដល់​ល្ងាចថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រតិបត្តិការតាមរកមនុស្សបាត់ខ្លួននៅតែបន្ត ដោយកង​កម្លាំងយោធាជើងទឹក និងអាកាសរបស់សហភាពមីយ៉ាន់ម៉ា។

ខាងក្រោមនេះជាព្រឹត្តិការណ៍សំខាន់ៗ ដែលបានកើតមានឡើងជាបន្តបន្ទាប់ក្នុងរយៈពេលពីរថ្ងៃមកនេះ៖

* យន្តហោះយោធាមីយ៉ាន់ម៉ា ប្រភេទ Y-8 ដឹកកម្លាំងយោធា និងក្រុមគ្រួសាររបស់ពួកគេ ចេញពីទីក្រុង Myeik នៅវេលាម៉ោង ១៖០៦នាទីរសៀលថ្ងៃពុធ ឆ្ពោះទៅកាន់ទីក្រុង រ៉ង់ហ្គូន ដែលជាទីក្រុងធំ​មានមនុស្សរស់នៅច្រើនជាងគេ របស់ប្រទេសមីយ៉ាន់ម៉ា ហើយក៏បាត់ដំណឹងតែម្តង នៅពេលវាហោះឡើង​ដល់រយៈកម្ពស់ ៥.៤គីឡូម៉ែត្រ។

* ក្រោយពីដឹងថា យន្តហោះនោះជួបគ្រោះថ្នាក់ ដោយបានធ្លាក់ទៅក្នុងសមុទ្រ Andaman ភាគខាងត្បូង​ប្រទេស ប្រតិបត្តិការជួយសង្គ្រោះ យន្តហោះ និងមនុស្សបាត់ខ្លួនត្រូវបានធ្វើឡើង តាំងពីរសៀលថ្ងៃពុធ ហើយរហូតមកទល់នឹងថ្ងៃព្រហស្បតិ៍នេះ មានការ​ចូលរួមពីនាវា​យោធា ០៩គ្រឿង​, យន្តហោះយោធា ០៥គ្រឿង និងឧទ្ធម្ភាគចក្រ ០២គ្រឿង ដែលសុទ្ធសឹង​តែ​ត្រូវបានបញ្ជូនមកពី​កងទ័ពអាកាស​មីយ៉ាន់ម៉ា។

* នៅព្រឹកថ្ងៃព្រហស្បតិ៍ យោធាមីយ៉ាន់ម៉ាដែលជាក្រុមសង្គ្រោះបាន​រកឃើញសាកសពបីនាក់ ក្នុងនោះ គឺមានស្ត្រីម្នាក់ ក្មេងតូចម្នាក់ និងបុរសម្នាក់ ហើយបំណែកព្រមទាំងសម្ភារៈលើយន្តហោះ​មួយចំនួនទៀត ក៏ត្រូវបានស្រង់ចេញពីក្នុងទឹកសមុទ្រផងដែរ។

* គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍នេះ ក្រុមភ្នាក់ងារជួយសង្រ្គោះ​បានរកឃើញសាកសព​មនុស្សចំនួន ០៧នាក់ទៀតហើយ ក្នុងអំឡុងប្រតិបត្តិការ​ទ្រង់ទ្រាយដ៏ធំមួយ ដើម្បី​តាម​ស្វែងរកយន្តហោះ​យោធាមីយ៉ាន់ម៉ា ដែលបានបាត់ដំណឹងជាមួយមនុស្សចំនួន ១២២នាក់ រួមមានទាំង​ពលទាហាន ជនស៊ីវិល និងក្រុម​សហសេវិក ហើយវាបានធ្វើឲ្យចំនួនសាកសព ដែលត្រូវបានរកឃើញសរុបកើនដល់ ១០នាក់។

* សាកសពមនុស្សទាំង ១០នាក់ខាងលើ ត្រូវបានគេរកឃើញនៅក្នុងតំបន់មួយ ចម្ងាយប្រមាណ ៣៥គីឡូម៉ែត្រពីក្រុង Launglon ភាគខាង​ត្បូងនៃ​ប្រទេសមីយ៉ាន់ម៉ា ហើយនៅក្នុងចំណោមនោះ រួមមានមនុស្សពេញវ័យចំនួន០៦នាក់ និងកុមារ០៤នាក់ ខណៈចំនួនកុមារទាំង​​អស់​ដែល​មានវត្តមាន​នៅលើយន្តហោះ​រងគ្រោះមាន ១៥នាក់។ បន្ថែមពីរនេះកង់របស់យន្តហោះ អាវពោងសុវត្ថិភាព រួមទាំងកាបូបដាក់​​សម្លៀកបំពាក់​មួយចំនួនទៀត ដែលគេជឿជាក់ថា មកពីយន្តហោះធុន Y-8-200F ដែលបានបាត់​ដំណឹងនោះ ក៏ត្រូវបានរកឃើញ​ផងដែរ​។

* យន្តហោះយោធារបស់កងទ័ពជើង​អាកាសមីយ៉ាន់ម៉ា ដែលបានធ្លាក់នៅលើដែនសមុទ្រ Andaman Sea ​ចម្ងាយ​ប្រហែល​​ ៧០គីឡូម៉ែត្រភាគខាងលិចទីក្រុង Dawei ក្នុងអំឡុងពេលធ្វើ​ដំណើរពីទីក្រុង Myeik ទៅកាន់ទីក្រុង​រ៉ង់ហ្គូន នោះគឺជាយន្តហោះ​ដឹក​​ជញ្ជូន​ខ្នាត​មធ្យម ដែលត្រូវបាន​ផលិតឡើងដោយក្រុមហ៊ុន Shaanxi Aircraft Corporation នៃប្រទេសចិន ជាលើកដំបូង​កាលពី​ឆ្នាំ១៩៨០ ដោយ​ផ្អែក​ទៅ​លើ​​គំរូ​​យន្ត​ហោះ​ធុន Antonov An-12 របស់អតីត​សហភាព​សូវៀត។

* យន្តហោះធុន Shaanxi Y-8-200F នេះ អាចផ្ទុកមនុស្ស​បានច្រើនបំផុតចំនួន ២០០នាក់ ខណៈពេល​កើតហេតុវាបានដឹកមនុស្ស ១២២នាក់ រួមមាននាយទាហាន កុមារ និងក្រុមសហសេវិក រួមជាមួយ​សម្ភារៈ​ផ្សេងៗទៀតទម្ងន់ ២.៤តោន។ រដ្ឋាភិបាលមីយ៉ាន់ម៉ា​បាន​ទិញ​យន្ត​ហោះ​​ម៉ាស៊ីន​បួននេះ កាល​​ពី​​ខែ​មិនា ឆ្នាំ២០១៦ ហើយវាមានអាយុកាល​ហោះ​ហើរ តែរយៈពេល​ ៨០៩ម៉ោងប៉ុណ្ណោះ ឬស្មើនឹង ៣៤ថ្ងៃ។

គួរបញ្ជាក់ថា ប្រតិបត្តិការជួយសង្គ្រោះនៅតែបន្ត ប៉ុន្តែក្តីសង្ឃឹមអំពីមនុស្សដែលអាចនៅរស់រាននោះ ហាក់ស្រពិចស្រពិលខ្លាំង។ ដោយឡែកមូលហេតុចម្បង ដែលនាំឲ្យយន្តហោះធ្លាក់ គឺមិនទាន់ត្រូវបានបញ្ជាក់​នោះឡើយ ប៉ុន្តែខាងយោធាមីយ៉ាន់ម៉ាបានអះអាងថា នៅពេលយន្តហោះហោះឡើង និងបាត់ការទាក់ទង​នោះ ស្ថានភាពអាកាសធាតុគឺល្អជាធម្មតា៕