(ឡុងដ៍)៖ ការិយាល័យបោះឆ្នោតទំាងអស់បានបើកទ្វារហើយ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីឱ្យប្រជាជនអង់គ្លេស បោះឆ្នោតសភាមុនអាណត្តិ ដែលត្រូវបានស្នើឡើងដោយនាយករដ្ឋមន្ត្រីមកពីគណបក្សអភិរក្សនិយម លោកស្រី Theresa May។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៧។
យោងតាម BBC ដដែល ការរិយាល័យបោះឆ្នោតច្រើនជាង ៤០,០០០កន្លែង នៅទូទាំងប្រទេសបានបើកទ្វារ នៅម៉ោង ៧៖០០នាទីព្រឹក (ម៉ោងនៅក្នុងទីក្រុងឡុងដ៍) រីឯការរាប់សន្លឹកឆ្នោតអាចនឹងត្រូវធ្វើឡើង ក្រោយការបោះឆ្នោតបញ្ចប់នៅម៉ោង ២២៖០០នាទីយប់ថ្ងៃដដែល។ ដោយឡែក បើគិតជាសរុបអ្នកតំណាងរាស្ត្រ ៦៥០នាក់ នឹងត្រូវបានជ្រើសរើស ដោយប្រជាជនដែលបានចុះឈ្មោះបោះឆ្នោតជាង ៤៦.៩លាននាក់ ខណៈកាលពីឆ្នាំ២០១៥ ប្រជាជន ៤៦.៤លាននាក់ បានចុះឈ្មោះបោះឆ្នោត។
គួរបញ្ជាក់ថា ការបោះឆ្នោតសភានៅចក្រភពអង់គ្លេស ពិតជាមានសារៈសំខាន់ណាស់សម្រាប់ឱ្យអង់គ្លេស ត្រូវរៀបចំខ្លួនលែងលះឱ្យដាច់ស្រេចជាមួយសហភាពអឺរ៉ុប (Brexit) និងពង្រឹងសន្តិសុខបន្ទាប់ពីមានការវាយប្រហារភេរវកម្ម ចំនួនបីលើកក្នុងរយៈបីខែមកនេះ៕