(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក មហាំម៉ាត់ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) នៅថ្ងៃព្រហស្បតិ៍នេះបានទាត់ចោលការចូលរួមរំលែកទុក្ខ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ ដែលបានបាត់បង់ជីវិតនៅក្នុងការវាយប្រហារភេរវកម្ម នៅទីក្រុងតេហេរ៉ង់ ដោយលោកផ្ទាល់ចាត់ទុកថា សម្ដីចេញពីមាត់លោក ត្រាំ គឺជាភាសាដ៏គួរឱ្យខ្ពើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៧។
ប្រតិកម្មខ្លំាងៗរបស់ លោក ហ្សារីហ្វ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានចូលរួមសម្ដែងមរណៈទុក្ខដល់សាច់ញាតិ និងជនរងគ្រោះនៃការវាយប្រហារភេរវកម្មកាលពីថ្ងៃពុធ ប៉ុន្តែទន្ទឹមគ្នាប្រធានាធិបតីអាមេរិករូបនេះ បានប្រលយពាក្យឌឺដងដាក់អ៊ីរ៉ង់យ៉ាងដូច្នេះថា «រដ្ឋ (អ៊ីរ៉ង់) គាំទ្រពួកភេរវករ បានក្លាយជាជនរងគ្រោះនៃអំពើភេរវកម្ម ពីពួកបិសាចដែលខ្លួនបានគាំទ្រ»។
យ៉ាងណាក៏ដោយ ឆ្លើយតបនឹងការលើកឡើងនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក មហាំម៉ាត់ ហ្សាវ៉ាដ ហ្សារីហ្វ បានសរសេរនៅលើ Twitter ផ្ទាល់ខ្លួនថា «សេចក្ដីថ្លែងការណ៍សេតវិមាន គឺជាពាក្យសម្តីដ៏គួរឱ្យខ្ពើម (...) ហើយខណៈប្រជាជនអ៊ីរ៉ង់ កំពុងប្រឈមមុខនឹងពួកភេរវករគាំទ្រដោយអតិថិជន ( អារ៉ាប៊ីសាអូឌីត) របស់សហរដ្ឋអាមេរិក ប្រជាជនអ៊ីរ៉ង់ មិនអាចទទួលយកបានឡើយនូវការលើកឡើង និងការចូលរួមរំលែកទុក្ខបែបហ្នឹងរបស់សហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា ក្រុម ISIS បានចេញមុខអះអាងថា ជាអ្នកស្ថិតនៅក្រោយខ្នងការវាយប្រហារទំាងពីរលើក ដែលមិនធ្លាប់មានពីមុនមកទៅលើអគាររដ្ឋសភាអ៊ីរ៉ង់ និងផ្នូររបស់ស្ថាបនិកសាធារណ រដ្ឋអ៊ីរ៉ង់លោក Ayatollah Khomeini នៅក្នុងរដ្ឋធានីតេហេរ៉ង់ ដែលបានសម្លាប់មនុស្ស ១៣នាក់ និងរបួស៤៣នាក់។ ក៏ប៉ុន្តែកងកម្លាំងឆ្មាំការពារជាតិអ៊ីរ៉ង់បែរជាចោទថា អារ៉ាប៊ីសាអូឌីតជាអ្នកនៅពីក្រោយការវាយប្រហារភេរវកម្មនេះទៅវិញ ខណៈទីក្រុងរីយ៉ាដ បានទាត់ចោលការចោទប្រកាន់នេះ៕