(រ៉ង់ហ្គូន)៖ ក្រុមភ្នាក់ងារជួយសង្រ្គោះបានរកឃើញសាកសពមនុស្សចំនួន ០៧នាក់ទៀតហើយ ក្នុងអំឡុងប្រតិបត្តិការទ្រង់ទ្រាយដ៏ធំមួយ ដើម្បីតាមស្វែងរកយន្តហោះយោធាមីយ៉ាន់ម៉ា ដែលបានបាត់ដំណឹងជាមួយមនុស្សចំនួន ១២២នាក់ រួមមានទាំងពលទាហាន ជនស៊ីវិល និងក្រុមសហសេវិក ហើយវាបានធ្វើឲ្យចំនួនសាកសព ដែលត្រូវបានរកឃើញសរុបកើនដល់ ១០នាក់។ នេះបើតាមការឲ្យដឹងពីកងទ័ពមីយ៉ាន់ម៉ា ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៧។
សាកសពមនុស្សទាំង ១០នាក់ខាងលើ ត្រូវបានគេរកឃើញនៅក្នុងតំបន់មួយ ចម្ងាយប្រមាណ ៣៥គីឡូម៉ែត្រពីក្រុង Launglon ភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា ហើយនៅក្នុងចំណោមនោះ រួមមានមនុស្សពេញវ័យចំនួន០៦នាក់ និងកុមារ០៤នាក់ ខណៈចំនួនកុមារទាំងអស់ដែលមានវត្តមាននៅលើយន្តហោះរងគ្រោះមាន ១៥នាក់។ នៅមុននេះកង់របស់យន្តហោះ អាវពោងសុវត្ថិភាព រួមទាំងកាបូបដាក់សម្លៀកបំពាក់មួយចំនួនទៀត ដែលគេជឿជាក់ថា មកពីយន្តហោះធុន Y-8-200F ដែលបានបាត់ដំណឹងនោះ ក៏ត្រូវបានរកឃើញផងដែរ។
គួរបញ្ជាក់ថា ប្រតិបត្តិការសង្គ្រោះ និងរុករកមនុស្សបាត់ខ្លួននាពេលនេះ ដែលមានការចូលរួមពីនាវាយោធា ០៩គ្រឿង, យន្តហោះយោធា ០៥គ្រឿង និងឧទ្ធម្ភាគចក្រ ០២គ្រឿង ដែលសុទ្ធសឹងតែត្រូវបានបញ្ជូនមកពីកងទ័ពអាកាសមីយ៉ាន់ម៉ា កំពុងប្រព្រឹត្តទៅយ៉ាងសកម្មដដែល។ ដោយឡែកមូលហេតុដែលបណ្តាលឱ្យយន្តហោះធ្លាក់ នៅមិនទាន់មានប្រភពណាមួយអាចបញ្ជាក់បាននៅឡើយទេ ប៉ុន្តែលោក Kyaw Kyaw Htey មន្ត្រីអាកាសចរណ៍ស៊ីវិលមីយ៉ាន់ម៉ាបានឱ្យដឹងថា លក្ខខណ្ឌអាកាសធាតុមានលក្ខណៈល្អប្រសើរជាធម្មតាទេ នៅពេលដែលយន្តហោះចាប់ផ្តើមចេញដំណើរ ប៉ុន្តែយោធាបានបញ្ជាក់បន្ថែមចុងក្រោយនៅថ្ងៃព្រហស្បតិ៍នេះថា យន្តហោះខាងលើនេះ បានបាត់បង់ការទាក់ទងតែម្តង នៅពេលហោះឡើងដល់រយៈកម្ពស់ ៥.៤គីឡូម៉ែត្រ៕