(រ៉ង់ហ្គូន)៖ យន្តហោះយោធារបស់កងទ័ពជើងអាកាសមីយ៉ាន់ម៉ា ដែលបានធ្លាក់នៅលើដែនសមុទ្រ Andaman Sea ចម្ងាយប្រហែល ៧០គីឡូម៉ែត្រភាគខាងលិចទីក្រុង Dawei ក្នុងអំឡុងពេលធ្វើដំណើរពីទីក្រុង Myeik ទៅកាន់ទីក្រុងរ៉ង់ហ្គូន នោះគឺជាយន្តហោះដឹកជញ្ជូនខ្នាតមធ្យម ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន Shaanxi Aircraft Corporation នៃប្រទេសចិន ជាលើកដំបូងកាលពីឆ្នាំ១៩៨០ ដោយផ្អែកទៅលើគំរូយន្តហោះធុន Antonov An-12 របស់អតីតសហភាពសូវៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា យន្តហោះធុន Shaanxi Y-8-200F នេះ អាចផ្ទុកមនុស្សបានច្រើនបំផុតចំនួន ២០០នាក់ ខណៈពេលកើតហេតុវាបានដឹកមនុស្ស ១២២នាក់ រួមមាននាយទាហាន កុមារ និងក្រុមសហសេវិក រួមជាមួយសម្ភារៈផ្សេងៗទៀតទម្ងន់ ២.៤តោន។ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានទិញយន្តហោះ ម៉ាស៊ីនបួននេះ កាលពីខែមិនា ឆ្នាំ២០១៦ ហើយវាមានអាយុកាលហោះហើរ តែរយៈពេល ៨០៩ម៉ោងប៉ុណ្ណោះ ឬស្មើនឹង ៣៤ថ្ងៃ៕