(បរទេស)៖ ម៉ាសរបស់ Stein 2051 B ដែលជាផ្កាយ White Dwarf (ផ្កាយដូចជាព្រះអាទិត្យ នៅពេលដែលវាអស់ថាមពល) មួយស្ថិតនៅចម្ងាយប្រមាណ ១៩ឆ្នាំពន្លឺពីផែនដីនោះ បានក្លាយជាប្រធានដ៏ចម្រូងចម្រាសមួយ អស់រយៈពេលជាងមួយសតវត្សរ៍មកហើយ ក៏ប៉ុន្តែនាពេលថ្មីៗនេះ ក្រុមតារាវិទូនៅទីបំផុតបានរកឃើញលទ្ធភាពធ្វើការវាស់ស្ទង់ ក៏ដូចជាថ្លឹងថ្លែងយ៉ាងត្រឹមត្រូវទៅលើម៉ាសរបស់វា ហើយបានបញ្ចប់ការជជែកដេញដោល ដែលមានអាយុកាល ១០០ឆ្នាំនេះ តាមរយៈការប្រើប្រាស់ទឹ្រស្តីបាតុភូតនៅទីអវកាសមួយ ដែលត្រូវបានទស្សន៍ទាយជាលើកដំបូងបំផុត របស់អ្នកប្រាជ្ញដ៏ល្បីឈ្មោះ គឺលោក Albert Einstein។ នេះបើតាមការដកស្រង់ការផ្សាយចេញពី គេហទំព័រ Space.com នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៧។
អ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា ផ្កាយនៅលើផ្ទៃមេឃយ៉ាងហោចណាស់ ៩៧ភាគរយ រួមទាំងព្រះអាទិត្យ នឹងក្លាយជា White Dwarfs ឬមួយក៏បានក្លាយជា White Dwarf រួចទៅហើយ។ ម៉្យាងវិញទៀតដោយសារតែពួកវា គឺជាហ្វូស៊ីលនៃផ្កាយគ្រប់ជំនាន់នោះ White Dwarf គឺជាកូនសោដ៏សំខាន់មួយ ដើម្បីសិក្សាទៅលើប្រវត្តិសាស្រ្ត និងការវិវឌ្ឍន៍នៃបណ្តាកាឡាក់ស៊ី ដូចជាកាឡាក់ស៊ី Milky Way ជាដើម។
គួរបញ្ជាក់ថា ការថ្លឹងថ្លែងកាលពីលើកមុនទៅលើម៉ាសរបស់ផ្កាយ Stein 2051 B បានបង្ហាញថា វាភាគច្រើនត្រូវបានផ្សំឡើងដោយជាតិដែក តែការរកឃើញនេះមានបញ្ហាមួយចំនួន ដោយផ្អែកទៅលើទឹស្រ្តីស្តីអំពីទម្រង់របស់ White Dwarf និងការវិវឌ្ឍន៍របស់ផ្កាយ។ ក៏ប៉ុន្តែលទ្ធផលថ្មី បានបង្ហាញថា Stein 2051 B តាមពិតទៅគឺជាផ្កាយ White Dwarf ធម្មតាមួយប៉ុណ្ណោះ ហើយការថ្លឹងថ្លែងរបស់វាត្រូវតាមទឹ្រស្តីដែលអាចទទួលយកបាន។ Stein 2051 B មានម៉ាសប្រហែល ០.៦៨ដង បើធៀបនឹងម៉ាសរបស់ព្រះអាទិត្យយើង ពោលគឺវាកកើតឡើងពីផ្កាយមួយដែលមានម៉ាស ២.៣ដង ធំជាងម៉ាសព្រះអាទិត្យ ដែលបានផ្ទុះឡើង៕