(ប្រេស៊ីល)៖ រដ្ឋាភិបាលប្រេស៊ីលបានចេញមុខថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារដោយភេរវកម្មចំនួនពីរលើក នៅក្នុងរដ្ឋធានីតេហេរ៉ង់ កាលពីព្រឹកថ្ងៃពុធដែល បណ្ដាលឱ្យមនុស្ស ១៣នាក់ស្លាប់ និង៤៣នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែររដ្ឋាភិបាលប្រេស៊ីល ក៏បានសម្ដែងការចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ ព្រមទាំងបង្ហាញពីសាមគ្គីភាពជាមួយរដ្ឋាភិបាល អ៊ីរ៉ង់ និងប្រជាជនអ៊ីរ៉ង់ទំាងមូល ហើយថា ប្រេស៊ីលថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះរាល់ទង្វើភេរវកម្មទាំងអស់។
គួរបញ្ជាក់ថា ក្រុម ISIS បានចេញមុខទទួលខុសត្រូវ លើការវាយប្រហារទំាងពីរលើកនេះ ដែលមិនធ្លាប់មានពីមុនមកទៅលើសភាអ៊ីរ៉ង់ និងផ្នូររបស់ស្ថាបនិកសាធារណរដ្ឋអ៊ីរ៉ង់ លោក Ayatollah Khomeini នៅក្នុងរដ្ឋធានីតេហេរ៉ង់។ ទោះបីជាបែបនេះក្តី កងកម្លាំងឆ្មាំការពារជាតិអ៊ីរ៉ង់ បែរជាចោទថា អារ៉ាប៊ីសាអូឌីត ថាជាអ្នកនៅពីក្រោយការវាយប្រហារភេរវកម្មនេះទៅវិញ ខណៈទីក្រុងរីយ៉ាដ ក៏បានទាត់ចោលការចោទប្រកាន់នេះភ្លាមដែរ៕