(រ៉ង់ហ្គូន)៖ យោធាមីយ៉ាន់ម៉ាទើបតែបានធ្វើការបញ្ជាក់នៅមុននេះបន្តិចថា សាកសពដែលក្រុមសង្គ្រោះបានរកឃើញនោះ គឺមានស្ត្រីម្នាក់ ក្មេងតូចម្នាក់ និងបុរសម្នាក់ ហើយបំណែកព្រមទាំងសម្ភារៈលើយន្តហោះមួយចំនួនទៀត ក៏ត្រូវបានស្រង់ចេញពីក្នុងទឹកសមុទ្រផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៧។
បំណែករបស់យន្តហោះ និងសាកសពមនុស្សទាំងបីនាក់ខាងលើនេះ ត្រូវបានរកឃើញនៅលើដែនទឹកចម្ងាយ ២២.៤គីឡូម៉ែត្រពីតំបន់ Kyauk Ni Maw របស់ក្រុង Laung Lone ភាគខាងត្បូងមីយ៉ាន់ម៉ា ជាប់ដែនសមុទ្រ Andaman ដែលជាកន្លែងយន្តហោះយោធាធ្លាក់កាលពីថ្ងៃពុធម្សិលមិញ។ យន្តហោះយោធាមីយ៉ាន់ម៉ាខាងលើនេះ មានផ្ទុកមនុស្ស១២២នាក់ (យោធាទើបចេញមកអះអាងតួលេខថ្មី ដោយកាលពីមុនគឺមានតែ ១០៤នាក់) ក្នុងនោះ ១០៨នាក់ជាកងកម្លាំងយោធា។
គួរបញ្ជាក់ថា ប្រតិបត្តិការសង្គ្រោះ និងរុករកមនុស្សបាត់ខ្លួននាពេលនេះ មានការចូលរួមពីនាវាយោធា ០៩គ្រឿង, យន្តហោះយោធា ០៥គ្រឿង និងឧទ្ធម្ភាគចក្រ ០២គ្រឿង ដែលសុទ្ធសឹងតែត្រូវបានបញ្ជូនមកពីកងទ័ពអាកាសមីយ៉ាន់ម៉ា។ ប្រភពព័ត៌មានពីមន្ត្រីយោធា និងអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា យន្តហោះធ្វើដំណើរក្នុងស្រុកប្រភេទ Y-8 មួយនេះ ដែលត្រូវបានផលិតនៅប្រទេសចិន បានដឹកកម្លាំងយោធា និងក្រុមគ្រួសាររបស់ពួកគេ ចេញពីទីក្រុង Myeik នៅវេលាម៉ោង ១៖០៦នាទីរសៀលថ្ងៃពុធ ឆ្ពោះទៅកាន់ទីក្រុង Yangon ដែលជាទីក្រុងធំមានមនុស្សរស់នៅច្រើនជាងគេ របស់ប្រទេសមីយ៉ាន់ម៉ា។
ដោយឡែកមូលហេតុដែលបណ្តាលឱ្យយន្តហោះធ្លាក់ នៅមិនទាន់មានប្រភពណាមួយអាចបញ្ជាក់បាននៅឡើយទេ ប៉ុន្តែលោក Kyaw Kyaw Htey មន្ត្រីអាកាសចរណ៍ស៊ីវិលមីយ៉ាន់ម៉ាបានឱ្យដឹងថា លក្ខខណ្ឌអាកាសធាតុមានលក្ខណៈល្អប្រសើរជាធម្មតាទេ នៅពេលដែលយន្តហោះចាប់ផ្តើមចេញដំណើរ ប៉ុន្តែយោធាបានបញ្ជាក់បន្ថែមចុងក្រោយនៅថ្ងៃព្រហស្បតិ៍នេះថា យន្តហោះខាងលើនេះ បានបាត់បង់ការទាក់ទងតែម្តង នៅពេលហោះឡើងដល់រយៈកម្ពស់ ៥.៤គីឡូម៉ែត្រ៕