(ព្យុងយ៉ាង)៖ កូរ៉េខាងជើងបានចេញមុខថ្កោលទោស នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe) សម្រាប់ការប្រកាន់អាកប្បកិរិយា ប្រឆាំងនឹងរបបដឹកនាំលោក គីម ជុងអ៊ុន នៅលើឆាកអន្តរជាតិ ដោយសារតែការកម្មវិធីមីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែរ ដែលទីក្រុងព្យុងយ៉ាងទុកតែការពារខ្លួនឯងប៉ុណ្ណោះ។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៧។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ផ្អែកលើការដកស្រង់សម្ដីរបស់អ្នកនាំពាក្យម្នាក់ នៃគណៈកម្មាធិការជាតិសនិ្តភាពកូរ៉េខាងជើង បាននិយាយយ៉ាងដូច្នេះថា « លោក អាបេ (នាយករដ្ឋមន្ត្រីជប៉ុន) កំពុងធ្វើសកម្មភាពបង្កាច់បង្ខូចកូរ៉េខាងជើង ចំពោះការពង្រឹងសមត្ថភាពការពារខ្លួនឯង ហើយរដ្ឋាភិបាលជប៉ុន គ្រាន់តែដើរតាមបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ មួយវិញទៀត មិនថាលើឆាកអន្តរជាតិ ក៏ដូចជានៅក្នុងកិច្ចប្រជុំ G7 ជាដើម នាយរដ្ឋមន្ត្រីលោក អាបេ, អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក ស៊ូហ្គា និងរដ្ឋមន្ត្រីការពាជាតិ លោកស្រី អ៊ីណាដា បានដើរនិយាយបំប៉ោងពីការគំរាមកំហែង នៃអាវុធនុយក្លែអ៊ែររបស់កូរ៉េខាងជើង»។
គួរបញ្ជាក់ថា កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ ជាថ្មីម្ដងទៀតបានបាញ់សាកល្បងមីស៊ីលប្រឆាំងនាវាជាច្រើនគ្រាប់ ចេញពីតំបន់ឆ្នេរខាងកើតរបស់ខ្លួន ដោយវាអាច រត់បានចំងាយប្រមាណជាង ២០០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលក្នុងសមុទ្រជប៉ុន ហើយនេះគឺជាលើកទី ០៥ហើយ ដែលកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល គិតចាប់តាំងពីប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក មូន ជេអ៊ីន ឡើងកាន់តំណែងមក ស្របពេលដែលអាមេរិក ធ្វើការចល័តនាវាមុជទឹក និងនាវាដឹកយន្តហោះចម្បាំង ចូលមកក្នុងតំបន់ឧបទ្វីបកូរ៉េ៕