(ញូដេលី)៖ ចំនួនមនុស្សស្លាប់ដែលបង្កឡើងដោយការផ្ទុះរោងចក្រផលិតកាំជ្រួចមួយ ស្ថិតនៅក្នុងរដ្ឋ Madhya Pradesh ភាគកណ្តាលប្រទេសឥណ្ឌាមានចំនួន ២៥នាក់ និងមនុស្ស ០៥នាក់ ផ្សេងទៀតរបួស គិតមកទល់នឹងព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីហេតុការណ៍ដ៏រន្ធត់មួយនេះ បានកើតមានឡើងកាលពីល្ងាចថ្ងៃពុធម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៧។
តាមការអះអាងថា របស់អាជ្ញាធររដ្ឋ Madhya Pradesh ដែលកំពុងស្ថិតនៅហ្នឹងកន្លែងកើតហេតុផ្ទាល់នោះ គឺពីដំបូងឡើយ អគ្គីភ័យបានឆាបឆេះរោងចក្រខាងលើនេះ ប៉ុន្តែដោយសារតែមិនអាចគ្រប់គ្រងស្ថានការណ៍បាន ទើបវាបានវិវឌ្ឍន៍ទៅជាការផ្ទុះដ៏កក្រើក ព្រោះក្នុងរោងចក្រនេះមានសុទ្ធតែជាគ្រឿងផ្ទុះស្រាប់។ រោងចក្រខាងលើនេះស្ថិតក្នុងភូមិ Khairi នៃស្រុក Balaghat ដែលមានចម្ងាយ ៤៣៧គីឡូម៉ែត្រ នៃភាគអាគ្នេយ៍ទីក្រុង Bhopal នៃរដ្ឋ Madhya Pradesh ភាគកណ្តាលប្រទេសឥណ្ឌា។
គួរបញ្ជាក់ថា មនុស្ស០៥នាក់ដែលទទួលរងរបួសនោះ កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ និងត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់រួចហើយ។ អាជ្ញាធរអះអាងទៀតថា រោងចក្រខាងលើនេះជារោងចក្រស្របច្បាប់ មានកម្មករធ្វើការសរុប ៤០នាក់ (ភាគច្រើនជាស្ត្រី) នៅពេលហេតុការណ៍ផ្ទុះឡើង។ សម្រាប់មូលហេតុបង្កជាការឆាបឆេះ និងផ្ទុះរោងចក្រកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ៕