(​អាស៊ី)៖ ទីផ្សារភាគហ៊ុន​ជាច្រើននៅអាស៊ី បានធ្លាក់ដាំក្បាល​ចុះនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នក​វិនិយោគគិន កំពុងរង់ចាំមើលភាព​ភ្ញាក់ផ្អើល ដែល កើតចេញពី​ការបង្ហាញខ្លួន​ នៅចំពោះមុខព្រឹទ្ធសភា​អាមេរិក​របស់ នាយក FBI​ លោក ជែមស៍ ខូមី ព្រមទាំងលទ្ធផល​នៃជំនួបប្រជុំ​គោលនយោបាយ​នៃធនាគារកណ្ដាលអឺរ៉ុប និងការបោះឆ្នោតសកល នៅអង់គ្លេស។ នេះបើតាមការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន R​euters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៧។

សន្ទស្សន៍ភាគហ៊ុន​អាស៊ីប៉ាស៊ីហ្វិក MSCI ក្រៅពីប្រទេស​ជប៉ុន MIAPJ0000PUS បានធ្លាក់ចុះអស់ ០.២៧ភាគរយ ខណៈភាគហ៊ុន Nikkei .N225 ​ជប៉ុន​បានកើនឡើង ០.៣ភាគរយ ដោយសារតែ​ការងើបឡើងវិញ​នៃប្រាក់ដុល្លារ​អាមេរិក បើធៀបទៅនឹងប្រាក់​យ៉េនជប៉ុន។ ដោយឡែក កាលពី​ថ្ងៃពុធ (ម៉ោងនៅក្នុងសហរដ្ឋអាមេរិក) ទីផ្សារភាគហ៊ុន​អាមេរិក Wall Street ក៏បាន​កើនឡើងវិញ​ផងដែរ បើទោះជាតម្លៃថាមពល​ធ្លាក់ចុះក៏ដោយ បន្ទាប់ពី​លោក James Comey បានអះអាងនៅ ក្នុងសេចក្ដី ថ្លែងការណ៍​ផ្ញើជូនសភាអាមេរិកថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់​ ត្រាំ បានស្នើឱ្យលោក​បិទបញ្ចប់​ការស៊ើបអង្កេត លើទំនាក់ទំនងរវាង​អតីតទីប្រឹក្សា​សន្តិសុខជាតិអាមេរិក លោក Michael Flynn ជាមួយមន្ត្រីរដ្ឋាភិបាលរុស្ស៊ី។

គួរបញ្ជាក់ថា ប័ណ្ណរតនាគាជាតិ​អាមេរិក សម្រាប់រយៈពេល១០ឆ្នាំ បានកើនឡើងដល់ ២.១៨៥ភាគរយ US10YT=RR ក្រោយបានធ្លាក់ចុះទាប ២.១២៩ភាគរយ កាលពីថ្ងៃអង្គារ៕