(វ៉ាស៊ីនតោន)៖ មន្ទីរការពារជាតិ​អាមេរិក ប៉ង់តាហ្គោន បានអះអាងដោយក្តីជឿជាក់ថា សហរដ្ឋអាមេរិកមាន​សមត្ថភាពគ្រប់គ្រាន់ ក្នុងការបាញ់ទម្លាក់មីស៊ីលផ្លោងឆ្លងទ្វីប (ICBMs) ដែលមានទិសដៅតម្រង់មកដែនដី សហរដ្ឋអាមេរិកពីមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយ​នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ​ស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៧។

តាមការអះអាងរបស់ ប៉ង់តាហ្គោន ដែលត្រូវមិនត្រូវបានចេញផ្សាយជាសាធារណៈនោះឡើយ ប៉ុន្តែបណ្តាញ​ទូរទស្សន៍ CNN បានទទួលព័ត៌មានខាងលើ និងទម្លាយចេញនៅ​ថ្ងៃព្រហស្បតិ៍នេះថា បន្ទាប់ពីការធ្វើ​​តេស្តដោយជោគជ័យ នូវការបាញ់ស្ទាក់ និងកម្ទេចមីស៊ីលផ្លោង​ដ៏មានអានុភាព របស់សហរដ្ឋអាមេរិក​នោះ គេអាចអះអាងសន្និដ្ឋាន​បានថា សមត្ថភាព​នៃប្រព័ន្ធប្រឆាំង​គ្រាប់មីស៊ីល ICBMs របស់អាមេរិកគឺគ្មាន​អ្វីដែលត្រូវងឿងឆ្ងល់ ដូចអ្វីដែលត្រូវបាន​កំណត់ដោយក្រុមជំនាញ​ កាលពី​ឆ្នាំ២០១២​នោះឯង។

មូលដ្ឋានការពារជាតិកម្រិតមធ្យម បានធ្វើការបញ្ជាក់អំពីសមត្ថភាពនៃប្រព័ន្ធការពារដែនអាកាសអាមេរិក ពីការគំរាមកំហែងដោយគ្រាប់​មីស៊ីលកម្រិតមធ្យម ឬក៏គ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ជាមួយនឹងប្រព័ន្ធធម្មតាៗ ដែលអាមេរិកមានស្រាប់។ ប៉ង់តាហ្គោនបានអះអាងថា កាលធ្វើតេស្តកាលពីថ្ងៃទី៣០ ខែមិថុនា នោះគឺជា​ជោគជ័យធំមួយ ដែលបង្ហាញពីសមត្ថភាពបាញ់ទម្លាក់មីស៊ីលផ្លោងឆ្លងទ្វីប ICBM ពីទីតាំងណាមួយ​នៃដែន​មហាសមុទ្រប៉ាស៊ីហ្វិកបច្ចុប្បន្ន។

គួរបញ្ជាក់ថា តាមរបាយការណ៍ចុងក្រោយ​គឺក្រសួងការពារជាតិ​អាមេរិក បានធ្វើការបាញ់​មីស៊ីលគំរូដែលមាន​បំពាក់ក្បាលគ្រាប់ក្លែងក្លាយ (មិនផ្ទុកនុយក្លេអ៊ែរ) ពីកោះ Marshall នៅកណ្តាល​មហាសមុទ្រប៉ាស៊ីហ្វិក សំដៅមកកាន់សហរដ្ឋអាមេរិក ហើយបន្ទាប់មកខ្លួនក៏ធ្វើការសាកល្បង​ប្រព័ន្ធបាញ់ស្ទាក់​មីស៊ីលនេះ ពីមូលដ្ឋាន Vandenberg ដែលមានចម្ងាយ​ ២៥០គីឡូម៉ែត្រ ភាគពាយ័ព្យនៃ​ទីក្រុងឡូសអាន់ជែឡេស នៃរដ្ឋកាលីហ្វរញ៉ា ប្រកបដោយ​ជោគជ័យ។ សម្រាប់ប្រទេស​ដែលគំរាមកំហែង​អាមេរិកខ្លាំងបំផុតក្នុងរឿងនេះ គឺគ្មាននរណាក្រៅពី​កូរ៉េខាងជើង​នោះទេ៕