(រ៉ង់ហ្គូន)៖ យោធាមីយ៉ាន់នៅតែកំពុងបន្តប្រតិបត្តិការស្វែងរក តួយន្តហោះទាំងមូល និងមនុស្សបាត់ខ្លួនក្នុងករណីធ្លាក់យន្តហោះយោធា ដោយក្នុងប្រតិបត្តិការសង្គ្រោះពេលនេះ មានការចូលរួមពីនាវាយោធា ០៩គ្រឿង, យន្តហោះយោធា ០៥គ្រឿង និងឧទ្ធម្ភាគចក្រ ០២គ្រឿង ដែលសុទ្ធសឹងតែត្រូវបានបញ្ជូនមកពីកងទ័ពអាកាសមីយ៉ាន់ម៉ា ហើយក្នុងនោះសាកសពជាច្រើននាក់ (មិនទាន់ដឹងចំនួនច្បាស់លាស់)។ នេះបើតាមប្រភពព័ត៌មានទទួលបានពីក្រសួងការពារជាតិមីយ៉ាន់ម៉ា ដកស្រង់ដោយសារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៧។
គួរបញ្ជាក់តាមព័ត៌មានចុងក្រោយបានចេញផ្សាយថា មនុស្សយ៉ាងហោចណាស់២០នាក់ ត្រូវបានជួយសង្គ្រោះក្នុងហេតុករណ៍ធ្លាក់យន្តហោះយោធាមីយ៉ាន់ម៉ា ដែលមានផ្ទុកមនុស្ស១២២នាក់ (យោធាទើបចេញមកអះអាងតួលេខថ្មី ដោយកាលពីមុនគឺមានតែ ១០៤នាក់) ក្នុងនោះ ១០៨នាក់ជាកងកម្លាំងយោធា។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន People daily ចេញផ្សាយនៅប៉ុន្មាននាទីមុននេះបន្តិច។
សូមជម្រាបថា បំណែកយន្តហោះមួយចំនួនហើយត្រូវបានគេរកឃើញក្នុងសមុទ្រ Andama (ភាគខាងត្បូងមីយ៉ាន់ម៉ា)។ ប្រភពព័ត៌មានពីមន្ត្រីយោធា និងអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា យន្តហោះធ្វើដំណើរក្នុងស្រុកប្រភេទ Y-8 មួយនេះ ដែលត្រូវបានផលិតនៅប្រទេសចិន បានដឹកកម្លាំងយោធា និងក្រុមគ្រួសារចេញពីទីក្រុង Myeik នៅវេលាម៉ោង ១៖០៦នាទីរសៀលថ្ងៃពុធ ឆ្ពោះទៅកាន់ទីក្រុង Yangon ដែលជាទីក្រុងធំមានមនុស្សរស់នៅច្រើនជាងគេ របស់ប្រទេសមីយ៉ាន់ម៉ា។
ដោយឡែកមូលហេតុដែលបណ្តាលឱ្យយន្តហោះធ្លាក់ នៅមិនទាន់មានប្រភពណាមួយអាចបញ្ជាក់បាននៅឡើយទេ ប៉ុន្តែលោក Kyaw Kyaw Htey មន្ត្រីអាកាសស៊ីវិលមីយ៉ាន់ម៉ាបានឱ្យដឹងថា លក្ខខណ្ឌអាកាសធាតុមានលក្ខណៈល្អប្រសើរជាធម្មតាទេ នៅពេលដែលយន្តហោះចាប់ចេញដំណើរ៕