(វ៉ាស៊ីនតោន)៖ អតីតនាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI លោក James Comey បានអះអាងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ផ្ញើទៅកាន់សភាអាមេរិកថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពិតជាធ្លាប់បានស្នើសុំឱ្យលោក បិទបញ្ចប់ការស៊ើបអង្កេត លើអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Michael Flynn ដែលត្រូវបានគេចោទថា មានទំនាក់ទំនងសម្ងាត់ជាមួយរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍ខាងលើ ដែលចេញផ្សាយមួយថ្ងៃ មុននឹងត្រូវចូលខ្លួនផ្ដល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការស៊ើបអង្កេតព្រឹទ្ធសភា លោក Comey បានបញ្ជាក់ថា នៅអំឡុងជំនួបនាឯសេតវិមាន កាលពីថ្ងៃទី១៤ ខែកុម្ភៈ លោក ត្រាំ បានសើ្នឱ្យលោកបិទការស៊ើបអង្កេតលើ លោក Flynn ដោយបានប្រាប់លោកយ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា អ្នក (លោក Comey) នឹងបណ្ដោយឱ្យរឿងនេះកន្លងផុតទៅចុះ ហើយទុកឱ្យ លោក Flynn រួចខ្លួនទៅចុះ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែឧសភា លោក ដូណាល់ ត្រាំ បានសម្រេចចិត្ត បណ្ដេញលោក James Comey ចេញពីតំណែងជានាយក FBI ដែលកំពុងដឹកនាំការស៊ើបអង្កេតជុំវិញទំនាក់ទំនង រវាងក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោក ត្រាំ និងទីក្រុងម៉ូស្គូ ដោយសំអាងលើហេតុផលសមត្ថភាព។ ក៏ប៉ុន្តែក្រោយការលេចលឺព័ត៌មានថា លោក ត្រាំ បានស្នើ ឱ្យលោក Comey បិទបញ្ចប់ការស៊ើបអង្កេតនេះ បានធ្វើឱ្យគេយល់ថា វាអាចជាមូលហេតុមួយដែល លោក ត្រាំ សម្រេចបញ្ចប់តួនាទីលោក Comey។
យ៉ាងណាក៏ដោយ លោក ត្រាំ មិនបានប្រើប្រាស់សិទ្ធិអំណាចជាប្រធានាធិបតី រារាំងមិនឱ្យអតីតនាយក FBI រូបនេះផ្ដល់សក្ខីកម្មនៅចំពោះមុខព្រឹទ្ធសភាអាមេរិកនោះទេ តែផ្ទុយទៅវិញកាលពីថ្ងៃពុធ លោក ត្រាំ បានសម្រេចចិត្តតែងតាំងអតីតអគ្គរដ្ឋអាជ្ញារងអាមេរិក លោក Christopher Wray អាយុ៥០ឆ្នាំ ជានាយក FBI ថ្មីជំនួសលោក Comey៕