(តូក្យូ)៖ ក្រោយមានការអះអាងពីកូរ៉េខាងត្បូងថា កូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលប្រឆាំងនាវាជាច្រើនគ្រាប់នោះ ប្រទេសជប៉ុនក៏បានចេញមុខមកអះអាងដូចគ្នាផងដែរ ប៉ុន្តែទីក្រុងតូក្យូបានបញ្ជាក់បន្ថែមថា វាមិនបានបង្កការគំរាមកំហែងសន្តិសុខដីគោករបស់ជប៉ុននោះឡើយ ខណៈគ្រាប់មីស៊ីលទាំងឡាយ បានធ្លាក់ទៅក្នុងដែនសមុទ្រជប៉ុន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៧។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានប្រាប់អ្នករាយការណ៍ព័ត៌មាននានាថា «គ្រាប់មីស៊ីលបានធ្លាក់ទៅក្នុងសមុទ្រជប៉ុន ហើយវាគ្មានសញ្ញាណាមួយថា គ្រាប់មីស៊ីលទាំងនោះបានធ្លាក់ទៅក្នុងដែនទឹកសេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុនឡើយ។» ប្រទេសជប៉ុនបានអះអាងថា ខ្លួននឹងរួមសហការជាមួយអាមេរិក និងកូរ៉េខាងត្បូង សម្រាប់ព័ត៌មានបន្ថែមទៀត ទាក់ទងនឹងការបាញ់ចុងក្រោយនេះ។
គួរបញ្ជាក់ថា ការបាញ់មីស៊ីលខាងលើនេះ បានកើតមានឡើងពីរថ្ងៃបន្ទាប់ពី នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក USS Cheyenne បានធ្វើដំណើរជ្រែកផ្ទៃសមុទ្រមកដល់កំពង់ផែប៊ូសាន (Busan) ភាគខាងត្បូងទីក្រុងសេអ៊ូល របស់កូរ៉េខាងត្បូងហើយ នៅព្រឹកថ្ងៃអង្គារ ខណៈដែលកូរ៉េខាងជើងហាក់ដូចជាកំពុងក្រពុលមុខខ្លាំង រឿងការបន្ថែមទណ្ឌកម្មពីក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) ដែលមានអាមេរិក និងកូរ៉េខាងត្បូងជាអ្នកជ្រោមជ្រែង។
នាវាខាងលើនេះមានទម្ងន់ ៦,៩០០តោន ជានាវាសម្រាប់ប្រើក្នុងសង្គ្រាម ហើយត្រូវបានបញ្ជូនមកពីកំពង់ផែ និងមូលដ្ឋានទ័ពជើងទឹកអាមេរិកនៅលើកោះ Pearl Harbor របស់រដ្ឋ Hawaii មកសំចតនៅមូលដ្ឋានមួយក្នុងកំពង់ផែប៊ូសាន ចម្ងាយ៤៥០គីឡូម៉ែត្រនៃភាគខាងត្បូងទីក្រុងសេអ៊ូល។ យ៉ាងណាក៏ដោយ មន្ត្រីទ័ពអាមេរិកមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា «ការចូលចតនេះគ្រាន់តែដើម្បីឲ្យកងកម្លាំងបានសម្រាក និងត្រួតពិនិត្យផ្នែកបច្ចេកទេសលើនាវាមុជទឹកប៉ុណ្ណោះ ដោយមិនមែនជាការត្រៀមធ្វើសមយុទ្ធណាមួយ ជាមួយកងទ័ពជើងទឹកកូរ៉េខាងត្បូងនោះឡើយ»។
USS Cheyenne មានប្រវែងជាង ១១០ម៉ែត្រ អាចដឹកយោធាបាន ១៣០នាក់ ហើយត្រូវបានបំពាក់ជាមួយមីស៊ីលទំនើប Tomahawk ផងដែរ ដែលអាចបាញ់បានចម្ងាយ ៣,១០០គីឡូម៉ត្រ និងគ្រាប់មីស៊ីល Harpoon ដែលអាចបាញ់បានចម្ងាយ ១៣០គីឡូម៉ែត្រ។ USS Cheyenne ត្រូវបានផលិតនៅឆ្នាំ១៩៩៦ និងធ្លាប់បំពេញទស្សនកិច្ចនៅអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣៕