(សេអ៊ូល)៖ កូរ៉េខាងជើង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ជាថ្មីម្ដងទៀត បានបាញ់សាកល្បងមីស៊ីលប្រឆាំងនាវាជាច្រើនគ្រាប់ ចេញពីតំបន់ឆ្នេរខាងកើតរបស់ខ្លួន ដោយវាអាចរត់បានចំងាយប្រមាណជា២០០គីឡូម៉ែត មុននឹងធ្លាក់ចូលក្នុងសមុទ្រជប៉ុន។ នេះបើតាមយោធាកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារសារ ព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៧។
យោធាកូរ៉េខាងត្បូង នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន បានអះអាងដូច្នេះថា៖ «កូរ៉េខាងជើងទំនងជាបានបាញ់សាកល្បងមីស៊ីលប្រឆាំង នាវារយៈចំងាយខ្លី ជាច្រើនគ្រាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ចេញពីតំបន់ Wonsan នៃខេត្ត Kangwon តម្រង់ទៅកាន់តំបន់សមុទ្រខាងកើត ហើយមីស៊ីលនេះអាចរត់បាន ចំងាយ២០០គីឡូម៉ែត្រ មុននឹងធ្លាក់ក្នុងសមុទ្រជប៉ុន ឬសមុទ្រខាងកើត។ ប៉ុន្តែទន្ទឹមគ្នា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងវិភាគលើការបាញ់ សាកល្បងនេះនៅឡើយ»។
គួរបញ្ជាក់ថា នេះគឺជាលើកទី០៥ហើយ ដែលកូរ៉េខាងជើង បានសាកល្បងមីស៊ីល គិតចាប់តាំងពីប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក មូន ជេអ៊ីន ឡើងកាន់តំណែងមក បើទោះជាលោក មូន បាន បង្ហាញពីទំនោរចង់ផ្សះផ្សាជាច្រើនលើក ខណៈសហគមន៍អន្តរជាតិ កំពុងពង្រឹងការដាក់ទណ្ឌកម្ម បន្ថែមលើទីក្រុងព្យុងយ៉ាងក៏ដោយ៕