(កាតា)៖ ផ្សារទំនើបនានាក្នុងប្រទេស កាតា កំពុងស្ថិតក្នុងភាពភាពច្របូកច្របល់ជាខ្លាំង ខណៈដែលប្រជាពលរដ្ឋប្រជ្រៀតគ្នាសម្រុកទៅឃ្លាំងស្តុកទុក ឥវ៉ាន់ដាក់គ្រឿងទេស បន្ទាប់ពីមហាអំណាចអារ៉ាប់ធំៗលើពិភពលោកកាត់ផ្តាច់ទំនាក់ទំនងពីប្រទេសនេះ ឆ្លើយតបនឹងប្រទេស កាតា ដែលបានគាំទ្រក្រុមភេរវករ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន ABC ចេញផ្សាយនៅរាត្រីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ។

បច្ចុប្បន្នមានក្តីបារម្ភថា ការកាត់ផ្តាច់រាល់ទំនាក់ទំនងតាមផ្លូវគោក ផ្លូវទឹក និងអាកាស នឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់អាហារក្នុងប្រទេស កាតា ដែលជាប្រទេសស្ថិតនៅឧបទ្វីប ព្រមទាំងពឹងផ្អែកស្ទើរទាំងស្រុងទៅលើប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសជិតខាង និងផ្តល់ច្រកផ្លូវគោកតែមួយគត់របស់ខ្លួន ដោយសារប្រទេសនេះគ្មានព្រំប្រទល់ជាប់ប្រទេសផ្សេងទៀតឡើយ ក្រៅពីអារ៉ាប៊ីសាអូឌីត និងសមុទ្រ។

ជាការពិតប្រហែល៨០ភាគរយនៃអាហាររបស់ប្រទេស កាតា មានប្រភពយ៉ាងច្រើនលើសលុបពីប្រទេសជិតខាងរបស់ខ្លួន ដែលស្ថិតនៅឧបទ្វីបអារ៉ាប់។ ចំណុចនេះអាចបង្ហាញច្បាស់គ្រប់គ្រាន់ថា ការបិទច្រកព្រំដែន នឹងបង្កការលំបាកជាខ្លាំងដល់ការផ្គត់ផ្គង់អាហារនៅកាតា។

រថយន្តដឹកអាហាររាប់ពាន់គ្រឿងត្រូវបានគេរាយការណ៍ថា បានជាប់គាំងនៅតាមបន្ទាត់ព្រំដែននៃប្រទេស អារ៉ាប៊ីសាអូឌីត ដែលជាច្រកផ្លូវគោកតែមួយគត់ សម្រាប់កាតា។ ជាងនេះទៅទៀតនោះ ប្រទេសអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត បានបញ្ឈប់ការនាំចេញស្ករសទៅកាន់ប្រទេស កាតា ដែលនេះនឹងបង្កផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរទៅលើប្រជាពលរដ្ឋ ជាពិសេសក្នុងអំឡុងនៃបុណ្យបរិសុទ្ធ រ៉ាម៉ាដន ដោយសារអំឡុងពេលនេះ ប្រជាពលរដ្ឋឥស្លាមមានតម្រូវការស្ករខ្ពស់បំផុត៕