(អារ៉ាប៊ីសាអូឌីត)៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក Adel al-Jubeir បានឲ្យដឹងនៅថ្ងៃចន្ទនេះថា បណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ Gulf អាចធ្វើការដោះស្រាយបញ្ហាជម្លោះ ជាមួយប្រទេសកាតាបានដោយខ្លួនឯង ហើយមិនត្រូវការជំនួយពីអ្នកខាងក្រៅនោះទេ។ នេះបើតាមសារព័ត៌មាន Reuters ចុះផ្សាយនាយប់ថ្ងៃទី៧ ខែមិថុនានេះ។
ដោយលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ នៅទីក្រុង Berlin លោក Adel al-Jubeir បានលើកឡើងថា «យើងមិនសុំឲ្យ មានការនាំសម្រុះសម្រួលនោះទេ, យើងជឿជាក់ថា បញ្ហានេះអាចដោះស្រាយបាន ដោយប្រទេសស្ថិតនៅក្នុង ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការ តំបន់ឈូងសមុទ្រ Gulf»។
លោកបានបន្តថា លោកមិនបានទទួលការបញ្ជាក់ជាផ្លូវការ នៃការស៊ើបអង្កេតណាមួយ របស់សហរដ្ឋអាមេរិក ទៅលើការចោទប្រកាន់នៃការវាយប្រហារ (Hack) របស់ទីភ្នាក់ងារសារព័ត៌មានរបស់កាតានោះទេ ដោយនេះគឺជាផ្នែកមួយនៃបញ្ហាជម្លោះ។ «ជាមួយនឹងការពិចារណា ដើម្បីចាត់វិធានការដោយព្រមទទួល ធ្វើដោយភ្នាក់ងារ FBI ខ្ញុំបានដឹងហើយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែមិនទាន់បានទទួលការបញ្ជាក់ ជាផ្លូវការណាមួយនោះទេ ហើយខ្ញុំមិនអាចបង្ហាញ តួនាទីជាផ្លូវការណាមួយឡើយ» នេះបើតាមសម្តីលោក Jubeir បានលើកឡើង៕