(ឡុងដ៍)៖ ចំនួនមនុស្សស្លាប់ ក្នុងករណីវាយប្រហារដោយភេរវកម្មចុងក្រោយបំផុត នៅក្នុងទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស បានកើនដល់០៨នាក់ហើយ បន្ទាប់ពីក្រុមប៉ូលិសដែលធ្វើការរុករកបុរសជនជាតិបាំរាំងម្នាក់ ដែលបានបាត់ខ្លួនក្នុងអំឡុងហេតុការណ៍ដ៏អាក្រក់នោះ ចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុនមកនោះ បានរកឃើញនិងស្រង់សាកសពបុរសម្នាក់ ចេញពីទន្លេ River Thames។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Fox News នៅយប់ថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០១៧។
ប៉ូលិសទីក្រុងឡុងដ៍ បានធ្វើការតាមស្វែងរកយ៉ាងស្វិតស្វាញចំពោះបុគ្គលឈ្មោះ Xavier Thomas ជាបុរសជនជាតិបារាំងម្នាក់ ដែលបានបាត់ខ្លួនសូន្យឈឹង ចាប់តាំងតែពីពេល ដែលក្រុមភេរវករចំនួនបីនាក់ បានបើករថយន្តបំបុកហ្វូងមនុស្ស នៅលើស្ពាន London Bridge និងបានវាយប្រហារ ដោយប្រើផ្លែកាំបិតនៅផ្សារ Borough Market ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីគ្នា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន (ពេលវេលានៅទីក្រុងឡុងដ៍)។
យោងតាមអាជ្ញាធរអង់គ្លេស លោក Thomas វ័យ៤៥ឆ្នាំ កំពុងធ្វើដំណើរថ្មើរជើងជាមួយមិត្តស្រីរបស់លោក នៅលើស្ពានកើតហេតុ នៅពេលដែលការវាយប្រហារបានចាប់ផ្តើមឡើយ ហើយសាក្សីមួយចំនួនបានអះអាងថាលោក Thomas ទំនងជាត្រូវបានបុកខ្ទាតធ្លាក់ចូលទៅក្នុងទឹកទន្លេ ខណៈមិត្តស្រីរបស់លោកក៏ត្រូវបានរថយន្តរបស់ជនដៃដល់ទាំងបីរូបបុក និងបណ្តាលឲ្យរបួសធ្ងន់ផងដែរ។
គួរបញ្ជាក់ថា ទោះបីជានីតិវិធីនៃការកំណត់អត្តសញ្ញាណជាផ្លូវការ ពុំទាន់បានប្រព្រឹត្តិទៅជាផ្លូវការយ៉ាងណាក្តី ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបញ្ជាក់ទទួលស្គាល់ថាសាកសព ដែលទើបតែត្រូវបានរកឃើញនេះ គឺជាលោក Xavier Thomas ដែលប្រការបានធ្វើឲ្យជនជាតិបារាំង ដែលបានស្លាប់ក្នុងការវាយប្រហារនេះ កើនដល់បីនាក់ និងមនុស្សដែលបានបាត់បង់ជីវិតសរុបកើតដល់០៨នាក់៕