(តេហរ៉ង់)៖ មនុស្សយ៉ាង១២នាក់បានស្លាប់និង៤២នាក់ផ្សេងទៀតបានទទួលរងរបួស នៅក្នុងការវាយប្រហារដ៏កក្រើករបស់ក្រុម ISIS ចំនួនពីរលើក មិនធ្លាប់មានពីមុនមកទៅលើសភាអ៊ីរ៉ង់ និងទៅលើផ្នូររបស់ស្ថាបនិកសាធារណរដ្ឋអ៊ីរ៉ង់លោក Ayatollah Khomeini នៅក្នុងរដ្ឋធានីតេហេរ៉ង់ នាថ្ងៃពុធនេះ ហើយជនសកម្មប្រយុទ្ធចំនួន០៦នាក់ ដែលបានធ្វើសកម្មភាពបាញ់ប្រហារ រួមទាំងបំផ្ទុះគ្រាប់បែកអត្តឃាតនោះ ក៏បានបាត់បង់ជីវិតផងដែរ ខណៈម្នាក់ទៀតត្រូវបានចាប់ខ្លួន។ នេះបើតាមការឲ្យដឹងពីរដ្ឋាភិបាលអ៊ីរ៉ង់ ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅយប់ថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០១៧។
ជនសកម្មប្រយុទ្ធចំនួនបួននាក់ដែលបានបានបើកការវាយប្រហារទៅលើសភាអ៊ីរ៉ង់ និងពីរផ្សេងដែលបានធ្វើសកម្មភាពនៅផ្នូររបស់លោក Ayatollah Khomeini នោះ ត្រូវបានកម្លាំងសន្តិសុខបាញ់សម្លាប់ ខណៈភេរវករម្នាក់ទៀត ត្រូវចាប់ខ្លួនបន្ទាប់ពីទទួលរងរបួស។ ជុំវិញករណីនេះ ក្រុមភេរវករ ISIS តាមរយៈប្រព័ន្ធព័ត៌មានរបស់ខ្លួនឈ្មោះ Amaq បានអះអាងដូច្នេះថា «ក្រុមអ្នកប្រយុទ្ធ ISIS បានដឹកនាំការវាយប្រហារនៅឯផ្នូរ Ayatollah Khomeini និងអាគារសភាអ៊ីរ៉ង់»។
ជាមួយគ្នានេះ ក្រសួងស៊ើបការណ៍សម្ងាត់នៃប្រទេសអ៊ីរ៉ង់ ក៏បានឲ្យដឹងដែរថា ក្រុមភេរវករមួយក្រុមផ្សេងទៀត ត្រូវឃាត់ខ្លួនបានទាន់ពេលវេលា នៅមុនពេលអាចមានឱកាសធ្វើសកម្មភាពវាយប្រហារណាមួយ៕