(វ៉ាស៊ីនតោន)៖ នាចុងឆ្នាំ២០១៧នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple របស់សហរដ្ឋអាមេរិក នឹងដាក់ពង្រាយម៉ាស៊ីនដ៏ទំនើបដែលជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួន មានឈ្មោះថា Horizon នៅតាមមជ្ឈមណ្ឌលជួសជុលដែលជាភាគីទីបី ប្រមាណ៤០០កន្លែង នៅ២៥ប្រទេសជុំវិញពិភពលោក ដើម្បីផ្តល់ភាពងាយស្រួលជាងមុនដល់អតិថិជន ក្នុងការជួសជុលអេក្រង់ទូរស័ព្ទដៃ iPhone របស់ពួកគេ ដែលបែកប្រេះស្រាំឬមួយក៏ខូចគាំង នាចុងឆ្នាំ២០១៧នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា ម៉ាស៊ីន Horizon នេះ ត្រូវការចាំបាច់បំផុតនៅពេលដែល Fingerprint Sensor ដែលភ្ជាប់ទៅនឹងខាងក្រោយនៃផ្ទាំងអេក្រង់រងការខូចខាត នៅពេលដែលអ្នកប្រើប្រាស់ធ្វើឲ្យជ្រុះធ្លាក់ iPhone របស់ពួកគេ ពីព្រោះថាដោយសារហេតុផលសន្តិសុខមានតែម៉ាស៊ីនជួលជុលរបស់ Apple ផ្ទាល់ប៉ុណ្ណោះ ដែលអាចបញ្ជាឲ្យអង្គដំណើរការរបស់ iPhone ស្គាល់ Fingerprint Sensor ថ្មី ដែលត្រូវបន្លាស់៕