(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា រូបលោកនឹងធ្វើការតែងនាយកនៃការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ថ្មី បន្ទាប់ពីអតីតមេ FBI ចាស់ត្រូវបានលោក ត្រាំ សម្រេចបញ្ឈប់ពីតំណែងកាលពីជិតមួយខែមុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នៅយប់ថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០១៧។
តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម Twitter លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយថា «ខ្ញុំនឹងធ្វើការតែងតាំង បុរសពោរពេញដោយសមត្ថភាពម្នាក់ គឺលោក Christopher A. Wary ជានាយកដឹកនាំថ្មីរបស់ទីភ្នាក់ងារ FBI។ ព័ត៌មានលម្អិតបន្ថែមនឹងមានបន្តបន្ទាប់ទៀត...»។ លោក Wary ដែលជាអតីតមន្រ្តីមួយរូបនៅក្រសួងយុត្តិធម៌អាមេរិកនោះ ស្ថិតក្នុងចំណោមអតីតរដ្ឋអាជ្ញា អ្នកនយោបាយ និងមន្រ្តីអាវុធវត្តន៍ច្បាប់ជាច្រើនផ្សេងទៀត ដែលត្រូវបានសម្ភាសន៍ដោយលោក ត្រាំ ចាប់តាំងពីលោក James Comey អតីតប្រធាន FBI ចាស់កាលពីខែឧសភាកន្លងទៅ។
សូមរំលឹកថា លោក James Comey ត្រូវបានបណ្តេញចេញពីមុខតំណែង អំឡុងពេលដែលរូបលោក កំពុងដឹកនាំការស៊ើបអង្កេតទ្រង់ទ្រាយធំមួយរបស់ FBI ទៅលើការសង្ស័យ ដែលថាប្រទេសរុស្ស៊ីបានចូលជ្រៀតជ្រែងក្នុង ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ ក៏ដូចជាទំនាក់ទំនងរវាងមន្រ្តីរដ្ឋាភិបាលទីក្រុងម៉ូស្គូ និងក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោក ត្រាំ៕