(តេហេរ៉ង់)៖ ក្រុម ISIS នៅថ្ងៃពុធនេះបានចេញមុខទទួលខុសត្រូវ លើការវាយប្រហារចំនួនពីរលើក មិនធ្លាប់មានពីមុនមកទៅលើសភា និងការបំផ្ទុះគ្រាប់បែកលើផ្នូររបស់ស្ថាបនិកសាធារណរដ្ឋអ៊ីរ៉ង់ លោក Ayatollah Khomeini នៅក្នុងរដ្ឋធានីតេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បុរសជាខ្មាន់កាំភ្លើងមានគ្នាបួននាក់ បានបើកការបាញ់រះទំាងកម្រោលនៅក្នុងសភាអ៊ីរ៉ង់ ខណៈអត្តឃាតជនម្នាក់ទៀតបានចុចគ្រាប់បែក បំផ្ទុះនៅឯផ្នូររបស់ស្ថាបនិកសាធារណរដ្ឋអ៊ីរ៉ង់ លោក Ayatollah Khomeini នៅក្នុងរដ្ឋធានីតេហេរ៉ង់ ដោយបណ្ដាលឱ្យឆ្មាំយាមកាមម្នាក់បានស្លាប់ និងមនុស្សជាច្រើននាក់រងរបួស។ តែបើតាមព័ត៌មានបឋម មនុស្ស០៧នាក់ បានស្លាប់នៅក្នុងការវាយប្រហារនេះ។ ដោយឡែក ក្រុម ISIS តាមរយៈប្រព័ន្ធរបស់ខ្លួនឈ្មោះ Amaq បានអះអាងដូច្នេះថា «ក្រុមអ្នកប្រយុទ្ធ ISIS បានដឹកនាំការវាយប្រហារនៅឯផ្នូរ Ayatollah Khomeini និងអាគារសភាអ៊ីរ៉ង់»។
ទោះបីជាយ៉ាងក៏ដោយ ក្រុមភេរវករមួយនេះមិនបានបញ្ជាក់អ្វីលម្អិតនោះទេ រីឯអាជ្ញាធរអ៊ីរ៉ង់ ក៏ពុំទាន់ទទួលស្គាល់ជាផ្លូវចំពោះការអះអាងនេះដែរ។ តែអ្វីដែលគេដឹងនៅពេលនេះគឺថា ការវាយប្រហារនេះកើតឡើងនៅចំពេលទីក្រុងតេហេរ៉ង់ កំពុងជួយគាំទ្រកងកម្លាំងរដ្ឋាភិបាលស៊ីរី ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ISIS៕