(តេហេរ៉ង់)៖ បុរសខ្មាន់កាំភ្លើងជាច្រើននាក់ នៅថ្ងៃពុធនេះ បានបើកការបាញ់រះទំាងកម្រោលនៅក្នុងអគាររដ្ឋសភាអ៊ីរ៉ង់ ខណៈអត្តឃាតជនម្នាក់ទៀត បានចុចគ្រាប់បែកបំផ្ទុះនៅឯទីតាំងផ្នូរ របស់ស្ថាបនិកសាធារណរដ្ឋអ៊ីរ៉ង់ លោក Ayatollah Khomeini នៅក្នុងរដ្ឋធានីតេហេរ៉ង់ដូចគ្នា ដោយបណ្ដាលឱ្យឆ្មាំយាមកាមម្នាក់ស្លាប់ និងមនុស្សជាច្រើននាក់រងរបួស តែភ្លាមៗពុំទាន់មានក្រុមណា មួយចេញមុខទទួលខុសត្រូវនៅឡើយទេ ខណៈព័ត៌មានមិនទាន់ផ្លូវការអះអាង មនុស្សរហូតដល់០៧នាក់ឯណោះបានស្លាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ IRNA ការវាយប្រហារទំាងពីរហាក់ដូចជាត្រូវបានគេរៀបចំ និងកើតឡើងក្នុងពេលតែមួយ ហើយការវាយប្រហាររបៀបនេះ គឺកម្រនឹងកើតឡើងណាស់នៅក្នុងប្រទេសអ៊ីរ៉ង់។ IRNA តាមរយៈការដកស្រង់សម្ដីពីសមាជិកសភា បានបញ្ជាក់ទៀតថា បុរសម្នាក់បានបំផ្ទុះគ្រាប់បែកអត្តឃាត នៅឯផ្នូររបស់លោក Ayatollah Khomeini ដោយបណ្ដាលឱ្យមនុស្សជាច្រើននាក់រងរបួស ប៉ុន្តែទន្ទឹមគ្នាក៏មានសេចក្ដីរាយការណ៍ដែរថា មនុស្សម្នាក់បានស្លាប់ ដែលអាច ជាជនបំផ្ទុះគ្រាប់អត្តឃាតនេះតែម្ដង។
ចំណែកឯនៅសភាអ៊ីរ៉ង់ឯណោះវិញ ក្រុមខ្មាន់កាំភ្លើងមានគ្នាប្រហែលជាបីនាក់ បានបើកការបាញ់រះបង្កឱ្យមនុស្សរបួសជាច្រើននាក់ ក្នុងនោះមានឆ្មាំយាមម្នាក់បានស្លាប់។ លើសពីនេះទៅទៀត ក្រុមមន្ត្រីសន្តិសុខអ៊ីរ៉ង់ បានដោះគ្រាប់បែកមួយផ្សេងទៀតទាន់ពេលវេលាផងដែរ។
គួរបញ្ជាក់ថា បើតាមព័ត៌មានក្រៅផ្លូវការមនុស្ស ០៧នាក់បានស្លាប់ ហើយការវាយប្រហារនេះកើតឡើងនៅចំពេលទីក្រុងតេហេរ៉ង់ កំពុងជួយគាំទ្រកងកម្លាំងរដ្ឋាភិបាលស៊ីរី ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ISIS៕