(ម៉ូស្គូ)៖ វិមានក្រឹមឡាំងបានឲ្យដឹងថា កាលបរិច្ឆេទច្បាស់លាស់មិនទាន់ត្រូវបានកំណត់ឡើយ សម្រាប់ជំនួបជាលើកដំបូងរវាងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ប៉ុន្តែបើសិនជាវាពិតជាកើតឡើងមែន បណ្តាញអ្នកសារព័ត៌មានទំនងជានឹងមិនត្រូវឲ្យមានវត្តមាននោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមសារព័ត៌មាន Izvestia ដែលបានដកស្រង់សម្តីរបស់ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ភេស្កូវ ជំនួបនោះប្រហែលជានឹងប្រព្រឹត្តទៅនាវេលាណាមួយ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល G20 ដែលនឹងប្រារព្ធឡើងនៅប្រទេសអាល្លឺម៉ង់ ក្នុងខែកក្កដាខាងមុខនេះ ក៏ប៉ុន្តែមកទល់ពេលនេះ ពុំទាន់មានការរៀបចំឲ្យប្រាកដប្រជាណាមួយទាក់ទិននឹងបញ្ហានេះ ត្រូវបានសម្រេចឡើងនោះឡើយ។ យ៉ាងណាមិញបច្ចុប្បន្ននេះ ក៏មិនមានគម្រោងសម្រាប់ការចេញសេចក្តីថ្លែងការណ៍រួម រវាងមេដឹកនាំទាំងនេះ នៅក្រោយជំនួបផងដែរ។
គួរបញ្ជាក់ថា លោក ពូទីន និងលោក ត្រាំ បានព្រមព្រៀងគ្នាកាលពីខែមុនតាមទូរស័ព្ទថា នឹងព្យាយាមរៀបចំជំនួបពិភាក្សាទល់មុខគ្នា នៅអំឡុងពេលទៅចូលរួមកិច្ចប្រជុំ G20 នៅក្នុងទីក្រុង Hamburg របស់អាល្លឺម៉ង់ ប៉ុន្តែមួយរយៈក្រោយពីផ្ទុះរឿងក្តី រុស្ស៊ីបានលូកដៃចូលកិច្ចការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦នោះ បានធ្វើឲ្យគំរោងខាងលើនេះស្ងាត់ទៅវិញ៕