(ប៉េកាំង)៖ ផ្កាយរណបស្រាវជ្រាវឋានព្រះច័ន្ទ មានឈ្មោះថា Chang'e 5 ត្រូវបានគេរំពឹងថា នឹងចុះចតនៅឯតំបន់ Mons Rumker ជាមួយនឹងការនាំយកដកុំថ្មគំរូបពីព្រះច័ន្ទ ត្រឡប់មកកាន់ផែនដីវិញនៅចុងឆ្នាំ២០១៧នេះ។ នេះបើតាមសម្តីមន្ត្រីនៃទីភ្នាក់ងារអវកាសចិន លោក Liu Jizhong ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទស្ដីពីការរុករកលំហអាកាសសកល ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ នាយកមជ្ឈមណ្ឌលស្រាវជ្រាវឋានព្រះច័ន្ទ លោក Liu Jizhong បានបញ្ជាក់ថា នេះគឺជាលើកទីមួយហើយដែលអ្នកអវកាសចិនបង្ហាញពីទីតាំងយានអវកាសត្រូវចុះចត រីឯផ្កាយរណប Chang'e 4 ក៏ត្រូវបានគេរំពឹងដែរថា នឹងចុះចតនៅលើផ្ទៃព្រះច័ន្ទ នៅឆ្នាំ២០១៨ខាងមុខនេះ។
លោក Liu Jizhong បានបន្ថែមទៀតថា ការរុករកនិងការស្រាវជ្រាវឋានព្រះច័ន្ទ គឺជាឱកាសមួយនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាកសាងភូមិអន្តរជាតិ ឬស្ថានីយ៍ស្រាវជ្រាវនៅលើផ្ទៃព្រះច័ន្ទ ដែលក៏ជាគោលដៅរយៈពេលវែងរបស់ចិនផងដែរ។ គួរបញ្ជាក់ថា គិតចាប់តាំងចិនស្នើសុំកិច្ចសហប្រតិបត្តិការស្ដីពីផ្កាយរណប Chang'e 4 កាលពីឆ្នាំ២០១៦មក រដ្ឋាភិបាលទីក្រុងប៉េកាំង ទទួលបានគំរោងច្រើនជាង២០ពីបណ្ដាប្រទេសនានា៕