(ប៉េកាំង)៖ ទីក្រុងប៉េកាំងបានទាត់ចោល ហើយរិះគន់ចំពោះការស៊ើបអង្កេតមួយរបស់ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី ដែលបានអះអាងថា ចិនកំពុងព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួនសន្សឹមៗ ចូលទៅក្នុងប្រទេសអូស្រ្តាលី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០១៧។
ក្រសួងការបរទេសចិនបានលើកឡើងថា ការចោទប្រកាន់ក៏ដូចជាស៊ើបអង្កេតរបស់សារព័ត៌មាន Fairfax Media រួមដៃគ្នាជាមួយសារព័ត៌មាន ABC News ដែលថា រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងធ្វើការចូលលុកលុយប្រទេសអូស្រ្តាលីជាសម្ងាត់នោះ គឺគ្មានមូលដ្ឋានច្បាស់លាស់ឡើយ។
លោកស្រី Hua Chunying អ្នកនាំពាក្យរបស់ក្រសួងខាងលើបាននិយាយថា «វាពុំមានគោលការណ៍មូលដ្ឋានណាមួយឡើយ ដែលគាំទ្រការចោទប្រកាន់ ដែលប្រកបដោយភាពគ្មានទំនួលខុសត្រូវជាខ្លាំងនេះ។ ជាមួយគ្នានេះប្រទេសចិនសូមទទូចដល់ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី ដែលពាក់ព័ន្ធឲ្យគោរពប្រតិបត្តិតាមក្រុមសីលធម៌នៃជំនាញវិជ្ជាជីវៈក្នុងនាមជាអ្នកសារព័ត៌មាន ហើយបោះបង់ចោលមនោគមវិជ្ជាដែលមានភាពលំអៀង និងធ្វើសេចក្តីរាយការណ៍ដែលប្រកបដោយភាពត្រឹមត្រូវ និងតម្លាភាព ស្តីពីការអភិវឌ្ឍរបស់ចិន ក៏ដូចជាទំនាក់ទំនងចិន-អូស្រ្តាលី»។
គួរបញ្ជាក់ថា ការស៊ើបអង្កេតរយៈពេល០៥ខែ របស់សារព័ត៌មានទាំងពីរខាងលើរបស់អូស្រ្តាលីបានអះអាងថា ទីក្រុងប៉េកាំងកំពុងមានសកម្មភាពយ៉ាងសកម្ម នៅក្នុងផ្នែកជាច្រើនទូទាំងប្រទេសអូស្រ្តាលី និងបានរកឃើញអំពីរបៀបដែលគណបក្សកុម្មុយនិស្តចិន កំពុងធ្វើការលុកលុយអូស្រ្តាលីជាសម្ងាត់៕