(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងបានអំពាវនាវឲ្យកូរ៉េខាងជើង ទទួលយកក្រុមផ្តល់ជំនួយមនុស្សធម៌មួយ ទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង សម្រាប់ការផ្លាស់ប្តូរទំនាក់ទំនងអន្តរកូរ៉េ បន្ទាប់ពីកូរ៉េខាងជើងបានប្រកាសទាត់ចោលសំណើនេះកាលពីដើមសប្តាហ៍ ក្រោយទីក្រុងសេអ៊ូលបានធ្វើការគាំទ្រក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បន្ថែមទណ្ឌកម្មលើខ្លួនកាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០១៧។
អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក Lee Duk-haeng បានលើកឡើងថា «រដ្ឋាភិបាលកូរ៉េខាងត្បូងមិនផ្លាស់ប្តូរជំហររបស់ខ្លួននោះទេ ជុំវិញការរៀបចំឲ្យមានការដោះដូរជនស៊ីល ជាមួយកូរ៉េខាងជើង ដើម្បីស្តារទំនាក់ទំនងឲ្យប្រសើរឡើងវិញ។ នៅក្នុងបរិបទនេះ យើងសូមអំពាវនាវឲ្យកូរ៉េខាងជើង ធ្វើការឆ្លើយតបដោយភាពវិជ្ជមានទៅកាន់ក្រុមផ្តល់ជំនួយស៊ីវិល ដើម្បីឲ្យពួកគេបំពេញការងារដោយមិនផ្ទុយ ឬពាក់ព័ន្ធជាមួយនឹងទណ្ឌកម្មរបស់អន្តរជាតិនោះឡើយ»។
គួរបញ្ជាក់ថា ចាប់តាំងពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ឡើងកាន់អំណាចមក រដ្ឋបាលរបស់លោកបានយល់ព្រមតាមសំណើចំនួន ១៥ហើយ របស់ទីភ្នាក់ងារនានាក្នុងការភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយកូរ៉េខាងជើង លើការផ្តល់ជំនួយមនុស្សធម៌ និងបេសកកម្មសាសនា។ កូរ៉េខាងជើងនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ បានច្រានចោលការផ្តល់សម្ភារៈរបស់កូរ៉េខាងត្បូង ក្នុងការទប់ស្កាត់ជំងឺគ្រុនចាញ់ តាមរយៈក្រុមផ្តល់ជំនួយមនុស្សធម៌ជាលក្ខណៈស៊ីវិល ដែលជាការប្រឆាំងតវ៉ាទៅនឹងការគាំទ្ររបស់រដ្ឋាភិបាលទីក្រុងសេអ៊ូល លើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលបានដាក់លើកូរ៉េខាងជើង៕